ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកចំការលើ បានទទួលអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

កំពង់ចាម នៅព្រឹកថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពីឃុំទាំង៨ រួមមានឃុំបុសខ្នុរ ៦០គ្រួសារ ឃុំតាអុង ៥០គ្រួសារ ស្វាយទាប៥០គ្រួសារ ឃុំល្វាលើ៤០គ្រួសារ ឃុំចំការអណ្តូង៤០គ្រួសារ ឃុំតាប្រុក៤០គ្រួសារ ឃុំស្ពឺ ៦០គ្រួសារ និងឃុំជ័យយោ ៦០គ្រួសារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីចែកអំណោយនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនៃពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនោះដែរ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះដែល ជានិច្ចកាលសម្តេចតែងតែយកចិត្ដទុកដាក់ចំពោះសុខទុក្ខ ជីវភាព និងសុខសវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តនាឱកាសចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះទៀតថា ដើម្បីរក្សាឱ្យបាននូវស្ថេរភាព សង្គម យើងទាំងអស់គ្នាត្រូវអនុវត្តតាមគោលការណ៍ចំនួន៤ចំណុចសំខាន់ៗរួមមាន÷ ១-រក្សាអោយបាននូវសុខសន្តិភាពទោះដូរដោយតម្លៃណាក៏ដោយ. ២-រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ. ៣-រាល់បញ្ហាក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីមានការដោះស្រាយអោយទាន់ពេលវេលា. ៤-ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគាំទ្រសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរក្សាឱ្យបាននូវសុខសន្តិភាពនេះដើម្បីជាទន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចំរើនលូតលាស់ទៅមុខជាលំដាប់។

សូមបញ្ជាក់ផងដែរថាអំណោយស្បៀងអាហារនេះមាន អង្ក ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ៀវ១យួរ និងត្រីខ១យួរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង