រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទក្រាលបេតុង ប្រវែងជាង១០គីឡូម៉ែត្រ នៅក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើររដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវបេតុងសសៃដែកប្រវែង ១១.៥០០ ម៉ែត្រ នៅស្រុកក្រូចឆ្មារ ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅក្នុងសាលាបឋមសិក្សាក្ដុរលើ ភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានអនុសាសន៍ថា បច្ចុប្បននេះនៅទូទាំងប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋស្ទើតែគ្រប់គ្នាមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទាំងទឹកហូប និងទឹកប្រើប្រាស់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ បើនិយាយរឿងផ្នែកអនាម័យវិញ ចំពោះបង្គន់អនាម័យ បើតាមការវាយតម្លៃ ប្រជាពលរដ្ឋយើង មានបង្គន់អនាម័យប្រើប្រាស់ជាង ៨០% ហើយ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បន្តថា ពេលបច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគ្រប់ ភូមិ ឃុំ ស្រុក ខេត្ត ទាំងអស់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលសកម្មភាពនេះ ជាសកម្មភាពដែលយើងឈានទៅទទួល ODF បញ្ចប់នូវការបន្ទោបង់ពាសវាលពាសកាល ក្រៅពីបន្ទប់អនាម័យ ។
ឯកឧត្តមជំរុញទៀតថា ប៉ុន្មានថ្ងៃមុននេះខេត្តត្បូវឃ្មុំ គឺជាខេត្តដែលគ្មានមុីន ដូច្នេះ យើងត្រូវធ្វើយ៉ាងណាឲ្យខេត្តត្បូងឃ្មុំ គឺជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដូចខេត្តត្បូងឃ្មុំ ជាខេត្តដែលគ្មានមុីនដែរ ដោយក្នុងនោះ យើងមានខេត្តស្វាយរៀង និងខេត្តព្រៃវែង គឺជាខេត្តដែលបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលមុនគេ ។

ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករដឹងជញ្ជូនទំនិញ សូមដឹកកុំឲ្យលើសទំងន់កំណត់ ហើយប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជួយថែទាំផ្លូវ ឲ្យប្រើប្រាស់បានយូរអង្វែង ក្នុងនោះផងដែរ ក្រុមហ៊ុនធ្វើផ្លូវ ត្រូវធ្វើផ្លូវឲ្យមានគុណភាព ត្រូវតាមស្តង់ដាបច្ចេកទេសផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង