ឯកឧត្តម ហាន កុសល ជំរុញឲ្យប្រតិបត្តិករសេដ្ឋកិច្ចទាំងអស់អនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
កំពង់ចាម នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសម្របសម្រួលកិច្ចប្រជុំស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ ដែលដឹកនាំដោយលោក អូត ឈាងលី អភិបាលស្រុក និងមានការចូលរួមពីលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក និងយុវជន ស.ស.យ.ក. ស្រុក ព្រមទាំងប្រធានម្ចាស់ និងតំណាងគ្រឹះស្ថានអាជីវកម្ម និងសេវាកម្មសរុបទូទាំងស្រុកចំនួន ៧៤នាក់។ វាគ្មិនសំខាន់ក្នុងកម្មវិធី គឺលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិកម្ពុជា និងជាគ្រូបង្រៀនគន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្ម ។
ឯកឧត្តម ហាន កុសល អភិបាលរងខេត្តបានមានប្រសាសថាគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី បង្ខិតការទំនាក់ទំនងជាផ្លូវការរវាងអាជ្ញាធរសាធារណៈ និងវិស័យឯកជន និងចែករលែកឱកាស និងបញ្ហាប្រឈមជាមួយគ្នា ដើម្បីរួមគ្នាដោះស្រាយ ព្រមទាំងលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ចទាំងអស់ឲ្យកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចមូលដ្ឋាន ។ជាមួយគ្នានោះឯកឧត្តមបានជំរុញឲ្យប្រតិបត្តិករសេដ្ឋកិច្ចទាំងអស់អនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្តទៀថាកិច្ចប្រជុំនេះ ជាកិច្ចប្រជុំដកពិសោធន៍លើកទី ១ នៅស្រុកជើងព្រៃ។ វាសំខាន់ណាស់នៅពេលដែលកិច្ចប្រជុំនេះបានបើកចំហរថាតើ «ប្រតិបត្តិករសេដ្ឋកិច្ចមូលដ្ឋានទាំងអស់ ចង់ឲ្យរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តជួយអ្វីទៀតដល់ពួកគាត់ ឲ្យពួកគាត់អាចធ្វើអាជីវកម្មបានល្អជាងមុន?»។
ក្នុងនោះដែរប្រធាន ម្ចាស់ តំណាងគ្រឹះស្ថានអាជីវកម្ម និងសេវាកម្មបានប្រាប់អោយដឹងថាពួកគាត់សប្បាយរីករាយព្រមរំភើប និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ជាមួយគ្នានោះក៏បានសំណូមឲ្យរៀបចំកម្មវិធីនេះ ៣ខែម្តងផងដែរ ។