រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអនាម័យបរិស្ថានឆ្នាំ ២០២២ ក្រោមប្រធានបទ « មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង »

 

ត្បូងឃ្មុំ : រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរទិវាអនាម័យបរិស្ថានឆ្នាំ ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាតនិងបៃតង” ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅបរិវេណសាលាបឋមសិក្សាកណ្ដោលជ្រុំ ក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្រោមអធិបតីភាពលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី អភិបាលស្រុក ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស ស យ ក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
បើតាមការឲ្យដឹងពីលោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការណ៍ជូនក្នុងអង្គពិធីថា ឥឡូវនេះសម្រាមមិនត្រូវបានរាយប៉ាយពាលវាពាក្យកាលដូចមុនទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានការយល់ដឹង ក្នុងចូលរួមវេចខ្ចប់ទុកដាក់និងបញ្ចេញសម្រាមបានត្រឹមត្រូវជាងពីមុន ហើយក្រុមប្រតិបត្តិករ ក៏បានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច របស់ខ្លួនយ៉ាងសកម្មក្នុងការធ្វើឲ្យសម្រាម មិនមានការកកស្ទះនៅតាមទីតាំង ឬមុខលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចមុននោះទេ ។
លោក ប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម មិនមែនជារឿងទទួលខុសត្រូវរបស់បុគ្គល ក្រសួង ស្ថាប័នឬជំនាញណាមួយនោះទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយមានការយល់ដឹងអំពីបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅក្នុងប្រទេសរបស់យើង យើងរួមគ្នាធ្វើឲ្យប្រទេសរបស់យើងមានបរិស្ថានល្អនិងបៃតងគ្រប់ទីកន្លែង ។
មានប្រសាសន៍ក្នុងឳកាសនោះ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានថ្លែងថា ទិវាអនាម័យ បរិស្ថានជាតិ២៣វិច្ឆិកាឆ្នាំ២០២២ នេះ ប្រារព្វឡើងក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង)គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមពីយើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់ធម្មជាតិ ក្នុងប្រទេសយើង និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីមាតុភូមិយើងស្អាត និងបៃតង ។
លោក គន់ រ័ត្នមុនី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលខេត្ត ដែលបានសហការគ្នា រៀបចំទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ ២០២២ ដ៏មានសារៈសំខាន់នេះ ។
លោកអភិបាលរងបន្តថា មន្ទីរបរិស្ថានខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចគាំពាបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការគ្រប់គ្រងការអភិវឌ្ឍន៍ដោយចីរភាព ការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន។ ក្នុងនោះ លោកអភិបាលរងខេត្ត បញ្ជាក់ថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់មន្ទីរបរិស្ថាន របស់បុគ្គល អង្គភាព ណាមួយនោះទេ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ។
លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា យើងអាចចូលរួមបានជាមួយសកម្មភាពងាយៗ រួមការប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើការសម្អាត អនាម័យ បរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សម្រាម សំណល់ផ្សេងៗក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ និងដាំដើមឈើ ឲ្យមានភាពបៃតងស្រស់ប្រកបដោយផាសុខភាព ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង