អាជ្ញាធរនៅតែបន្តចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន៦ទីតាំង ក្នុងទឹកដីក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបន្តដឹកនាំកំលាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងល្បែងសុីសងចុះត្រួតពិនិត្យទីតាំងដែលធ្លាប់បានបើកល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូ) បានចំនួន ៦ទីតាំង ក្នុងនោះស្ថិតនៅក្នុងសង្កាត់បាទី មាន ៤ទីតាំង និងសង្កាត់ប្រាសាទ មាន ២ទីតាំង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ហើយក៏មានការចូលរួមពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ ។

លោកអភិបាលរងខេត្តស្វាយរៀង បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត។

ក្រោយពីចុះត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើ កុំអោយមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែរខុសច្បាប់៕ ដោយ:ភក្ដី

អត្ថបទដែលជាប់ទាក់ទង