រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ១៤ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការអប់រំដើម្បីការពារថ្ងៃស្អែក» រួមគ្នាក្នុងយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម» ជូនដល់ប្រជាពលរដ្ឋ
ត្បូងឃ្មុំ : មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីអបអរសាទរ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ១៤ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការអប់រំដើម្បីការពារថ្ងៃស្អែក» រួមគ្នាក្នុងយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម» ។
ពិធីនេះធ្វើឡើងនាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្រោមអធិបតីភាពលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ អភិបាលរងក្រុងសួង ប្រធានមន្ទីរពេទ្យបង្អែក ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម មកពីតាមបណ្តាក្រុង/ស្រុក ទាំង ៧ ក្នុងខេត្តត្បូងឃ្មុំ ប្រមាណ ៣០០ នាក់ ។
លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានជម្រាបជូនអង្គពិធីនៅរបាយការណ៍ និងវឌ្ឍនភាព របស់មន្ទីរសុខាភិបាលខេត្ត ចំពោះសកម្មភាព នានា ជុំវិញការផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ។
ថ្លែងនាឱកាសនោះ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរសុខាភិបាលខេត្ត និងនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រ និងជំរុញឲ្យសកម្មភាពនៃការពិនិត្យព្យាបាលជំងឺមិនឆ្លងដែលមានដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីកមាត់ស្បូន ជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ រួចផុតពីភាពពិការ ឬបាត់បង់អាយុជីវិត ។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើអ្នកជំងឺទឹកនោមផ្អែម ដោយជុំរុញឲ្យមានការកែប្រែឥរិយាបទ និង ទម្លាប់ការរស់នៅ ជាពិសេសការបរិភោគអាហារប្រកបដោយផាសុខភាពព្រមទាំងបង្កើនការការយកចិត្តទុកដាក់លើការថែទាំសុខភាព ការការពារបានពីជំងឺទឹកនោមផ្អែម និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ដើម្បីចូលរួមកាត់បន្ថយហានិភ័យដែលបង្ករឲ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំនុចសំខាន់ៗនិងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា ៖ កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និង ជំងឺមិនឆ្លងផ្សេងៗទៀត ជាដើម ។ ទន្ទឹមនេះ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ ។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៏លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និង ចូលរួមកាត់បន្ថយហានិភ័យដែលបង្ករឲ្យមានជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម និង ជំងឺមិនឆ្លងផ្សេងទៀត ជាពិសេសសូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រុមគ្រូពេទ្យព្យាបាល ដោយសូមចងចាំថាជំងឺទឹកនោមផ្អែមជាជំងឺ ដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗអាចត្រួតពិនិត្យសុខភាពបានដោយខ្លួនឯង យើងនាំគ្នាចូលរួមសកម្មភាព” ការអប់រំដើម្បីការពារថ្ងៃស្អែក ” ។ ជាងនេះត្រូវបន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ-១៩ និងសូមបន្តចាក់វ៉ាក់សាំង តាំងពីដូសមូលដ្ឋាន ដូសជុំរុញ ដូសទី ២ ទី ៣ ទី ៤ និង ទី ៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវនិរន្តភាពនៃការរស់នៅធម្មតាតាមបែបគន្លងថ្មី និង ការបើកដំណើរការសេដ្ឋកិច្ចសង្គម ៕ សុខ ផន