ក្រសួងចំនួន២ សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្ត

បូងឃ្មុំ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សាព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសាលប្រជុំ ( គ ) សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី តំណាងក្រសួងចំនួន ២ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក/ក្រុង ព្រមទាំងអាជ្ញាធរដែនដីយ៉ាងច្រើនទៀត ។
លោក ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកឡើងអំពីបញ្ហាប្រឈមរបស់របស់អាជ្ញាធរដែនដី មន្ទីរ/អង្គភាពជុំវិញខេត្ត ក្នុងកាដោះស្រាយត្រួតពិនិត្យផ្ទៀងផ្ទាត់ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរ អង្គភាពទូទាំងខេត្ត និងក្នុងការពិភាក្សាលើកជាមតិយោបល់ ដើម្បីប្រមូលបានបទពិសោធន៍ល្អៗ និងបង្កើតបានទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំកន្លងមក និងឆ្នាំបន្តបន្ទាប់ទៀត ។
លោក ពាង ណារិទ្ធ បញ្ជាក់ទៀតថា សម្រាប់ក្នុងការអនុវត្តកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រារដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ មន្ត្រីបានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយចេញផ្សាយនូវលិខិតបទដ្ឋានគតិយុទ្ធ និងបានចុះធ្វើការណែនាំផ្សព្វផ្សាយដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាប្រចាំ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសក្នុងគោលបំណង ដើម្បីក្តាប់បាននូវ យថាប្រភេទ បរិមាណ គុណភាព ទាំងចលនវត្ថុ និងអចលនវត្ថុ របស់មន្ទីរអង្គភាពដែលកំពុងគ្រប់គ្រងកាន់កាប់ ប្រើប្រាស់ចាត់ចែង និងថែរក្សានូវទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ។
លោក ពាង ណារិទ្ធ បានផ្តាំផ្ញើដល់គ្រប់មន្ទីរអង្គភាព ស្ថាប័ន ជុំវិញខេត្ត និងនីតិបុគ្គលសារធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវអនុវត្តអោយមានប្រសិទ្ឋភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាលប្រគល់ជូនផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង