ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល វិទ្យាល័យព្រះសីហនុ
កំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងលោកជំទាវ ម៉ា សូយ៉ីនដា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការចូលរួមពីសំណាក់ ប្រតិភូក្រសួងអប់រំយុវជននិងកីឡា ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានថ្លែងថា បេក្ខជនទាំងអស់ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ចៀសវាងការបើកចម្លង និងលួចចម្លងគ្នា។អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។
តាមរបាយការណ៍របស់ប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានប្រាប់ ឲ្យ ដឹងនៅ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នេះថា ដំណើការ នៃ ការប្រឡង ទុតិយភូមិ ឆ្នាំនេះដែរ មន្ទីរបាន បែងចែក មណ្ឌល ប្រឡង ចំនួន ១២ មណ្ឌល ដោយ ស្មើនឹង ២៨៧បន្ទប់ ភាគច្រើន មាន ទីតាំងឋិតនៅក្នុង ទីប្រជុំជន ក្រុងទាំងអស់ ដើម្បីងាយស្រួល ក្នុងការ គ្រប់គ្រង ។ សម័យប្រឡងទុតិយភូមិឆ្នាំ ២០២២ នេះ ទៀតសោតមាន ថ្នាក់ វិទ្យាសាស្ត្រ ៥ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១២ មណ្ឌល ហើយ មាន បេក្ខភាព មាន សិទ្ធ ចូលរួម ប្រឡងសរុបចំនួន ៧.១១១ នាក់៕