លោកជំទាវ អនហេង លក្ខិណា ផ្តោតលើការចូលរួមរបស់បុរសដើម្បីអនាគតរបស់កូនៗ
កំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាក្រុមប្រឹក្សាភិបាលអង្គការ សកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីចែកអាហាររូបករណ៍ និងផ្សព្វផ្សាយពីគម្រោងកុមារមេគង្គកម្ពុជា នៅមណ្ឌលអប្សរា វត្តនគរបាជ័យក្នុង ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីម្ចាស់ជំនួយនៃអង្គការ អេកូសូលីដា មកពីប្រទេសស្វីស នាយិកាប្រតិបត្តិនៃអង្គការ សកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រុមការងារ ស.ស.យ.ក. ស្រុកកំពង់សៀម អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជួបការលំបាកសរុបចំនួនប្រមាណ ១៥០នាក់ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានជួយដល់កុមារកម្ពុជាកន្លងមក និងបន្តជួយឲ្យបានទូលំទូលាយជាងនេះទៀត ទាំងការផ្តល់អាហារូបករណ៍សិក្សាលើជំនាញវិជ្ជាជីវៈ ព្រមទាំងផ្តល់កញ្ចប់អាហារូបករណ៍ប្រចាំខែជាស្បៀងអាហារ រួមនឹងសម្ភារៈសិក្សា ឯកសណ្ឋាន កង់រៀងរាល់ចុងឆ្នាំផងដែរ ។ លោកជំទាវបានផ្តាំផ្ញើឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដោយក្នុងនោះក៏ត្រូវការជំរុញពីអាណាព្យាបាល ជាពិសេសការចូលរួមរបស់ឪពុកពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអនាគតរបស់កូនៗក្លាយជាធនធានរបស់សង្គម និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។