កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល មានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តន៍គម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ : លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា  ការរៀបចំវគ្គសិក្ខាសាលា សម៉ាហរណកម្ម និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលស្រុកត្បូងឃ្មុំ នៅពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ ដែលបានរៀបចំឡើង ដើម្បីសម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ដើម្បីងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ ។

លោកអភិបាលរងខេត្តត្បូងឃ្មុំ បញ្ជាក់បែបនេះ កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ក្នុងពិធីបើកវគ្គសិក្ខាសាលា សម៉ាហរណកម្ម និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលស្រុកត្បូងឃ្មុំ ។

លោកអភិបាលរងបន្តថា គម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្តរួមទាំងសេវានានា សម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ កិច្ចការនេះគឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ដែលច្បាប់នោះបានចែងនៅក្នុងមាត្រាទី៨ ចែងថា ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណ: នៅក្នុងដែនរបស់ខ្លួន ។

កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលនេះ ត្រូវបានរៀបចំរួចហើយ រដ្ឋបាលខេត្តនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

លោកអភិបាលរងខេត្តបន្ថែមថា មានជំនឿជឿជាក់ចំពោះលោក លោកស្រី ដែលជាតំណាងឱ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ ៕ សុ ផន

អត្ថបទដែលជាប់ទាក់ទង