ឯកឧត្ដម អ៊ុន ចាន់ដា សមិទ្ធផលមានទំហំទឹកប្រាក់ប្រមាណជា ៤៦ម៉ឺនដុល្លារ របស់ដៃគូអភិវឌ្ឍ គាំទ្រដល់វិស័យសុខាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម

កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា សមិទ្ធផលមានទំហំទឹកប្រាក់ប្រមាណជា ៤៦ម៉ឺនដុល្លារ របស់ដៃគូអភិវឌ្ឍ គាំទ្រដល់វិស័យសុខាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្ដម បញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ នៅក្នុងពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ពិធីប្រគល់ ទទួលសមិទ្ធផល នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងម្ចាស់ជំនួយ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន ផងដែរ ។

យោងតាមរបាយការណ៍ ស្តីពីជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើវិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ២០២២ គឺបានអនុវត្តគម្រោងជួសជុល និងកែលម្អ ព្រមទាំង ផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ ដោយបានចាប់ផ្ដើម កាលពីខែកក្កដា ហើយបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។ យ៉ាងណាមិញ សមិទ្ធិផល ដែលសមាគមសម្រេចបាន នៅមន្ទីរពេទ្យបង្អែកនេះ ជារួមមាន ៖  ការពង្រីកបន្ទប់សម្រាកសម្រាប់ស្ត្រីក្រោយសម្រាលកូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់ សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ិចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងតម្លើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មី ក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បី ពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំអ្នកជំងឺ ដោយគម្រោងទាំងនេះ ត្រូវចំណាយថវិកាសរុប ប្រមាណជា ៤៦ម៉ឺនដុល្លារអាមេរិក ។

ស្ថិតក្នុងឱកាសប្រគល់ទទួលសមិទ្ធផល ខាងលើនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម  រួមជាមួយនឹងក្រុមការងារ ក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយគាំទ្រដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ដែលបានផ្ដល់ប្រយោជន៍យ៉ាងពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ដូចជាការជួយទៅលើផ្នែកមនុស្សធម៌ ជាស្បៀងអាហារ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៤.០០០គ្រួសារ នាពេលកន្លងមកថ្មីៗនេះ ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជា ៖ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ ជាដើម ដែលកាយវិការទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណង របស់ខាងសមាគម ក៏ដូចជា បំណងរបស់អាជ្ញាធរខេត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ លើសពីនេះទៅទៀតនោះ អាជ្ញាធរខេត្ត នៅតែត្រៀមខ្លួនជានិច្ច ដើម្បី បន្តកិច្ចសហការ ជាមួយសមាគម ក្នុងការបន្តការងារផ្សេងៗទៀត ដើម្បី ជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម ៕ Alza កំពង់ចាម

អត្ថបទដែលជាប់ទាក់ទង