លោកជំទាវ អនហេង លក្ខិណា លើកទឹកចិត្តក្មេងស្រីរៀនសូត្រឲ្យបានខ្ពស់ដើម្បីកាត់បន្ថយអំពើហិង្សាគ្រប់រូបភាព
កំពង់ចាម៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាធ្វើសកម្មភាពបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី” ដែលប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកចំការលើ ។វិធីនេះរៀបចំឡើងដោយមានគាំទ្រថវិកាពីអង្គការ UNFPA និងកិច្ចសហការរវាងលោកស្រីប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារ GBV ថ្នាក់ខេត្ត លោកស្រីប្រធាន គ.ក.ស.ក. ស្រុក លោកស្រីអភិបាលរងស្រុក និងក្រុមការងារ GBV ថ្នាក់ស្រុក អាជ្ញាធរឃុំស្វាយទាប និងភូមិទាំង១៧ រួមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សសរុបប្រមាណ ១០០នាក់ផងដែរ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវបានឲ្យដឹងថារាជរដ្ឋាភិបាលតាមរយៈក្រសួង ស្ថាប័ន សាលាខេត្ត និងមន្ទីរអង្គភាពសំខាន់ៗ បានយកចិត្តទុកដាក់ដាក់លើបញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះដោយជាសកម្មភាពអាទិភាពមួយ ដែលយើងត្រូវការចូលរួមទប់ស្កាត់ ឆ្លើយតប និងដោះស្រាយរួមគ្នាឲ្យទាន់ពេលវេលា ។ ជាមួយគ្នានេះដែរលោកជំទាវបានលើកទឹកចិត្តដល់ក្មេងស្រីទាំងអស់សិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ លុបបំបាត់ផ្នត់គំនិត “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ដើម្បីរួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រប់រូបភាព ។