រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ ស្ដីពី ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

 

ត្បូងឃ្មុំ : លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ក្រោមប្រធានបទ ស្ដីពី ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ។

វេទិការនេះធ្វើឡើងនាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងបរិវេណវត្តព្រះពន្លា ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

វេទិកាសាធារណៈ នេះ មានការអញ្ជើញចូលរួម ពីសំណាក់ លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុកពញាក្រែក និង លោកស្រី ថន គឹម ស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរស្រុក តំណាងអង្គការជាតិ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីសម្រមសម្រួលនៃមន្ទីរកិច្ចការនារីខេត្ត ក្រុមស្រ្តីជួយខ្លួនឯង និងអ្នកពាក់ព័ន្ធជាច្រើនរូប គាំទ្រថវិកា ដោយអង្គការដៃគូ អង្គការសង្គមស៊ីវិល កម្មវិធី ACCESS UNFPA UNWomen TAF CRC-Cambodia CARE TLC CWCC ។

លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុកពញាក្រែក បានមានមតិស្វាគមន៍ និងបានលើកឡើងពីការគាំទ្រ នូវសកម្មភាពនានា ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជូនដល់សាធារណជនយល់ដឹងពីសារសំខាន់នៃការបញ្ឈប់អំពើហិង្សាលើស្ត្រី ជាពិសេសចូលរួមទប់ស្កាត់ និងការពារស្ត្រី និងក្មេងស្រីពីអំពើហិង្សា ។

លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV)ខេត្ត បានមានប្រសាសន៏កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ដែលតែងតែមានកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ-សង្កាត់ អ្នកពាក់ព័ន្ធនានា ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ម្ចាស់ជំនួយ ក្នុងគោលបំណងបញ្ឈប់អំពើហិង្សាគ្រប់រូបភាព គ្រប់ទម្រង់ លើស្ត្រីនិងក្មេងស្រី ក្នុងការលើកកម្ពស់ភាពសុខដុមរម្យនា ក្នុងទីកន្លែងធ្វើការ ក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងសង្គមជាតិ ចូលរួមចំណែកក្នុងការបញ្ឈប់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ។

លោកជំទាវបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ អំពីបញ្ហាអំពើហិង្សា ការកេងប្រវញ្ញនានា លើស្រ្តី និងក្មេងស្រី ក៏កើតមានមិនខុសពីខេត្តនានា ក្នុងប្រទេសនោះទេ ហើយក៏មិនមែនមានមូលហេតុតែមួយនោះដែរ ដែលបង្កអោយមានអំពើហិង្សាលើស្រ្តី និងក្មេងស្រី។ លោកជំទាវ ខៀវ សាមួន បានបញ្ជាក់ថា រាល់ទម្រង់ទាំងឡាយនៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី កើតឡើងដោយកត្តាផ្គួបផ្សំជាច្រើន ទាក់ទងនឹងកម្រិតបុគ្គល សម្ព័ន្ធភាព សហគមន៏ និងឋានៈ តួនាទី នៅក្នុងសង្គម ហេតុដូច្នេះហើយទើបទាមទារអោយមានការដោះស្រាយតាមរយៈកិច្ចអន្តរាគមន៏ច្រើនបែបច្រើនយ៉ាងផ្សេងៗគ្នា ដោយមានការចូលរួម បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ស្របតាមគោលការណ៏ ច្បាប់ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានប្រសាសន៏ថា មន្ទីរកិច្ចការនារីខេត្ត គឺជាសេនាធិការអោយរដ្ឋបាលខេត្ត នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការថ្នាក់ជាតិ មន្ទីរកិច្ចការនារីខេត្ត តែងតែបានរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅថ្នាក់ជាតិ និងក្រោមជាតិ ។

លោកស្រីបញ្ជាក់ទៀតថា បញ្ហារាតត្បាតទូទាំងសកលលោក ដែលស្រ្តី ១ នាក់ ក្នុងចំណោម បីនាក់ ធ្លាប់រងអំពើហិង្សា ក្នុងជីវិតរបស់ពួកគេ ក្នុងប្រទេសកម្ពុជា ស្ត្រីជាង៣០%ធ្លាប់រង អំពើហិង្សាផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត ពីដៃគូរស្និទ្ធស្នាលក្នុងជីវិតរបស់ពួកគេ និងប្រហែល៤៩% នៃពួកគេមិនដែលរាយការណ៍ ឬប្រាប់អ្នកផ្សេងពីបទពិសោធន៍នៃការរងអំពើហិង្សានេះឡើយ ។

ជាមួយគ្នានោះ ក្នុងប្រទេសកម្ពុជា ការបៀតបៀនផ្លូវភេទ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទៅលើស្ត្រីនៅកន្លែងការងារ ក៏កំពុងតែកើតមានឡើងផងដែរ ក៏ប៉ុន្តែទិន្នន័យប្រេវ៉ាឡង់ពីអំពើហិង្សានេះមានតិចតួចប៉ុណ្ណោះ ។

វេទិកាសាធារណៈ ក្រោមប្រធានបទ ស្ដីពី ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក៏មានការ សួរ និងឆ្លើយ ក្នុងគោលបំណងផ្ដោតសំខាន់ក្នុងការផ្សព្វផ្សាយ និងការឆ្លើយតប ការបង្ការទប់ស្កាត់ អោយបានទូលំទូលាយ ជាពិសេសអោយប្រជាពលរដ្ឋនៅតាមសហគមន៍ ទទួលបានព័ត៌មាន និង បញ្ឈប់រាល់ទម្រង់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង