ខេត្តត្បូងឃ្មុំអស់គ្រាប់មីន ហើយ គ្រោងនឹងប្រកាសរាជធានី – ខេត្ត បន្តទៀត ជាខេត្តអស់មីននៅក្នុងឆ្នាំនេះ
ត្បូងឃ្មុំ : ខេត្តត្បូងឃ្មុំអស់គ្រាប់មីន ហើយ គ្រោងនឹងប្រកាសរាជធានី – ខេត្ត បន្តទៀត ជាខេត្តអស់មីននៅក្នុងឆ្នាំនេះ ក្នុងនោះមានខេត្ត ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត កំពង់ចាម ខេត្ត ព្រះសីហនុ ខេត្ត រតនគិរី និងខេត្តតាកែវ ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពេលពិធីអបអរសាទរ ការប្រកាស ខេត្តត្បូងឃ្មុំជាខេត្តទី ២ អស់មីន នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ នៅសាលសាលាខេត្តត្បូងឃ្មុំ ថា អាជ្ញាធរមីន ដែលជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល បានទទួលនូវការអនុញ្ញាត ពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សម្រេចជ្រើសរើស យកខេត្តត្បូងឃ្មុំ ដែលមានផលប៉ះពាល់ខ្លាំង ធ្វើការបោសសម្អាត និងរៀបចំ ប្រកាសជាខេត្តអស់មីន ក្រោមការចូលរួម ឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ពីប្រទេស ន័រវែស និងប្រទេស ហុងគ្រី ដែលបានជ្រើសរើសយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា ( C MAC ) ជាអ្នកបោសសម្អាត ។
ឯកឧត្ដមបណ្ឌិតបន្តថា « កម្ពុជាបានទទួលរងគ្រោះ ដោយសារសង្គ្រាមរ៉ាំរ៉ៃ ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩៦០ មានទាំង បញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
ឯកឧត្តមបណ្ឌិតបននថែមថា ភូមិអស់ មីន ឬខេត្តអស់មីន មិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀតនោះទេ ដូចជាគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ គ្រប់ប្រភេទជាដើម ។ ខេត្តត្បូងឃ្មុំអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះ ពីសង្គ្រាមទេ សូម បងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្ត ចាត់វិធានការដោះស្រាយ និងឆ្លើយតប គ្រាប់មិនទាន់ផ្ទុះទាំងនោះ ឱ្យទាន់ពេល ។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ទៀតថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យ « កម្ពុជា មួយគ្មានមីន ឆ្នាំ ២០២៥ » អាជ្ញាធរមីន បានរៀបចំ នូវគោលការណ៍ណែនាំ ស្តីពី ការអនុវត្តយន្តការ ភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនដែលមានក្នុងភូមិ ត្រូវបានបោសសម្អាតក្នុងគោលដៅជួយ ពន្លឿនដល់ ការបោសសម្អាតមីន និងទាក់ទាញនូវ ការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗទៀត ។
ឯកឧត្ដមបណ្ឌិតគូសបញ្ជាក់ទៀតថា កម្ពុជាបានកំណត់នូវវិសាលភាព និងទំហំ ផលប៉ះពាល់យ៉ាងច្បាស់ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទូទាំង ប្រទេស គិតត្រឹមឆ្នាំ ២០២១ កម្ពុជា នៅសល់ ផ្ទៃដីមានមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ សរុបចំនួន ២.០១៧ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រការ៉េ ដែលត្រូវ បោសសម្អាត ឱ្យអស់ត្រឹមឆ្នាំ ២០២៥ កំពុងនៅសល់ក្នុងរាជធានីខេត្ត ចំនួន ២៣ ទៀត ។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ផែនការប្រកាសរាជធានី – ខេត្តដែល ប៉ះពាល់ដោយសារមីនតិចតួច ចំនួន ៧ ទៀតជារាជធានី – ខេត្ត អស់ មីន ក្នុង នោះ រួមមាន ខេត្តព្រៃវែង (៣,៦ ហិកតា ) ខេត្តកណ្តាល (៦,៥ ហិកតា ) ភ្នំពេញ ( ១២៥ ហិកតា ) ខេត្តកំពង់ចាម ( ១២៨ ហិកតា ) ខេត្តព្រះសីហនុ (១៧៤ ហិកតា ) ខេត្ត រតនគិរី (៣៤០ ហិកតា ) និងខេត្តតាកែវ ( ៣៦៣ ហិកតា )៕ សុខ ផន