ខេត្តត្បូងឃ្មុំ រៀបចំពិធីអបអរសាទរទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ»

 

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូរាំងឪ ក្រោមការការរៀបចំដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ប្រធាន អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក តំណាង កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងអង្គការសង្គមស៊ីវិល និងបងប្អូនជនពិការភាពសរុបប្រមាណជាង៣០០នាក់ ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ជូនអង្គពិធី ក៏ដូចជាមានប្រសាសន៍បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ ដោយបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិរបស់ជន ពិការភាព ក៍ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ ជនមានពិការភាព ក៏ត្រូវបានកាត់បន្ថយ លុបបំបាត់ការរើសអើង ចំពោះជនមានពិការភាព ដើម្បីធានាបាននូវសិទ្ធិស្មើគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព»។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឡើងលើងបន្តថា ដោយឈរលើស្មារតីទទូលខុសត្រូវខ្ពស់ សម្រាប់ជនមានពិការភាពនៅកម្ពុជា បានកំណត់ចក្ខុវិស័យ គឺជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្ម ពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដោយមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាប័ន្ន ពិការភាពគ្រប់វិស័យ និងការអភិវឌ្ឍ ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាន លើកសិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទី ដើម្បីបន្តជំរុញ សង្គមមួយ ឆ្ពោះទៅរកការលុបបំបាត់ ឧបសគ្គរារាំងនានា ដល់ជនមានពិការភាព ស្របតាមពាក្យស្លោកសកល «ធ្វើឲ្យសិទ្ធិរបស់ខ្លួន ក្លាយជាការពិត»។
ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រគល់អំណោយសាខាកាកបាក្រហមខេត្ត ចែកជូនដល់ជនមានពិការភាពចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ក២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ឃីត១កញ្ចប់ (ភួយ១,ក្រមា១) ថវិការមួយចំនួននិង ប្រគល់ជូនរទេះរួញចំនួន ១៦ ជូនដល់ចាស់ជរាផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង