ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឆាយ គឹមហាង ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ាង សុផល និងលោក ហ៊ាង សុភី
( ត្បូងឃ្មុំ ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសក ឆាយ គឹមហ៊ាង ត្រូវជាឪពុកបង្កើតលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅគេហដ្ឋាននៃសពក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
ដោយលោកឧបាសក ឆាយ គឹមហ៊ាង ទទួលមរណភាព នៅថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៣៣ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានខាងលើ ។
ក្នុងឱកាសប្រកបដោយទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅ ប្រកបដោយក្តីសង្វេគ និងក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការ ចំពោះការបាត់បង់សពឧបាសក ឆាយ គឹមហាង ដែលជាការបាត់បង់បីតាបង្កើត បីតាក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ ចំពោះកូនៗ និងចៅប្រុស ចៅស្រី ។
ស្ថិតក្នុងបរិយាកាសដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តត្បូងឃ្មុំ សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងសូមលំឱនកាយឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធនៃសពឧបាសក ឆាយ គឹមហាង បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ សុខ ផន