ឯកឧត្តម ហាន កុសល ចូលរួមវេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
សៀមរាប៖ ថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមវេទិកាថ្នាក់ជាតិស្តីពី៖ “ការអនុវត្តផែនការគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២” ក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងនោះសមាសភាពចូលរួមមានដូចជា គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) ក្រសួង ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួន រដ្ឋបាលឃុំ សង្កាត់ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកមេរៀនបទពិសោធន៍ និងការអនុវត្តល្អៗនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយផ្តោតលើបរិយាប័ន្ន ការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និង ផលប៉ះពាល់ជាវិជ្ជមាន ព្រមទាំងចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គមនាគមន៍ និងប្រព័ន្ធឌីជីថលផ្សេងៗសម្រាប់គណនេយ្យភាពសង្គម ។ មិនតែប៉ុណ្ណោះដើម្បីបង្កើនកិច្ចខំប្រឹងប្រែង ការរកឃើញរបកគំហើញ និងការផ្តួចផ្តើមថ្មីៗ ក្នុងការគាំទ្រដល់និរន្តរភាពនៃផែនការអនុវត្តគណនេយ្យភាពសង្គម។
ការចែករំលែកនូវបទពិសោធន៍ទាំងនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ ក្នុងការរៀបចំយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា បន្ទាប់ពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២។