សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត”
ត្បូងឃ្មុំ : ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត យុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពីក្រុង-ស្រុកទាំង៧ ប្រមាណជាង៤០០នាក់ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត ) នៅបរិវេណសាខាកាក់បាទក្រហមកម្ពុជាខេត្ត ស្ដិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បើតាមការឲ្យដឹងពីលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ ស្ដីពីលទ្ធផលសកម្មភាពអ្នកស្ម័ត្រចិត្ត និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ ព្រមទាំងធ្វើលំហាត់បង្ហាញនៃផ្នែកខ្លះៗ នៃវិជ្ជសង្រ្គោះបឋម របស់អ្នកស្ម័ត្រចិត្ត និងរបស់យុវជនកាកបាទក្រហម និងការចែកប័ណ្ណសរសើរជូនដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងការងារមនុស្សធម៌ប្រចាំឆ្នាំរួចមក ។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា«យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរ ឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សហគមជាតិ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលានិងនៅគ្រប់ទីកន្លែង និងបានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសក្នុងកិច្ចការសង្គមជាតិ នឹងសូមឲ្យបងប្អូនអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និង ពង្រីក នូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២២-២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និង ការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និង ការអភិវឌ្ឍន៍ស្ថាប័នផងដែរ ៕ សុខ ផន