មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានធ្វើសេចក្តីបកស្រាយបំភ្លឺចំពោះ ការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ផេក(Page)ឈ្មោះ បង ឌីយ៉ាម៉ង់ សម្លេងប្រជាជន

ត្បូងឃ្មុំ : មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានធ្វើសេចក្តីបកស្រាយបំភ្លឺចំពោះ ការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ផេក (Page) ឈ្មោះ បង ឌីយ៉ាម៉ង់ សម្លេងប្រជាជន ដែលជាអ្នកសារព័ត៌មានសម្លេងប្រជាជន ហៅថា VPN បង្ហោះកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ។

ក្រុមគ្រួសារអ្នកជំងឺ ដែលមានឪពុកម្តាយ មីងឬអ៊ំ ( ម្នាក់ធាត់ ) និងកូន ។ គោលបំណងចូលមកទទួលសេវាពិនិត្យ និងព្យាបាល កូនរបស់គាត់ ឈ្មោះ ស៊ីថន ហ្វាជីវីន ភេទប្រុស អាយុ ៥ ឆ្នាំ អាសយដ្ឋាន ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ០១ និង ០០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ សភាព មានរបួសច្រើនកន្លែង អ្នកជំងឺមានព្យួរសេរ៉ូម ( មានសេរ៉ូម ១ ប្លោកទៀត ) មកជាមួយ និងបានលាងរបួស រុំរបួស ពី ខាងក្រៅ សេវាឯកជន រួចហើយ ។ ខណៈពេលគាត់ចូលមកដល់ក្នុងមន្ទីរពេទ្យ គាត់បានប្រើពាក្យសម្ដីខ្លាំងៗសួរគ្រូពេទ្យ ចង់រកស្កែន និងសួរថាមានបន្ទប់ VIP ឬអត់ ។ បន្ទាប់មកក្រុមគ្រូពេទ្យនៅផ្នែកពិគ្រោះជំងឺក្រៅបានចុះឈ្មោះកូនរបស់ គាត់ ពិនិត្យស្នើសុំធ្វើស្កែនរួចក៏បញ្ចូនទៅផ្នែកសែន ភ្លាមៗ ក្រោយពីស្កែនរួចគ្រូពេទ្យបាននាំអ្នកជំងឺទៅសម្រាកផ្នែក វះកាត់ ។ នៅផ្នែកវះកាត់ក្រុមគ្រូពេទ្យ ក៏ទទួលអ្នកជំងឺពីបុគ្គលិកពេទ្យដែលបាននាំមកពីផ្នែកពិគ្រោះជំងឺក្រៅ ដាក់ឱ្យ សម្រាកបន្ទប់ VIP ( គាត់បានថតនូវសកម្មភាពគ្រប់កន្លែង ដែលមន្ទីរពេទ្យហាមថត ដោយគ្រូពេទ្យណែនាំយ៉ាងណា ក៏នៅតែលួចថត ) និងប្រើពាក្យសំដីឡូឡារំខាន់ដល់អ្នកជំងឺដ៏ទៃទៀត ដែលកំពុងសម្រាកនៅផ្នែកនេះ ទោះបីក្រុម គ្រូពេទ្យព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយ ។ លទ្ធផលស្កែន បានចេញមក គឺមិនមានបញ្ហាទេ ។
មន្ទីរពេទ្យសូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធន៍ ចំពោះការលើកឡើងរបស់ផេក (Page) ឈ្មោះ បង ឌីយ៉ាម៉ង់ សម្លេងប្រជាជន អ្នកសារព័ត៌មាន (VPN) ដែលមានដូចខាងក្រោម
១. ផេក(Pago)ឈ្មោះ បង ឌីយ៉ាម៉ង់ សម្លេងប្រជាជនបានលើកឡើងថា ក្រុមគ្រូពេទ្យខ្វះការយកចិត្តទុកដាក់ ចំពោះអ្នកជំងឺ ។
ការបកស្រាយ មន្ទីរពេទ្យបានទទួលអ្នកជំងឺ ដោយយកចិត្តទុកដាក់ ជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា ដែលបានមកទទួលសេវា ពុំមានការខកខាន ថែមទាំងរកបន្ទប់ VIP (បន្ទប់ស្អាត មានម៉ាស៊ីនត្រជាក់ ពូក កម្រាលពូក ) ឱ្យគាត់ថែមទៀត ប៉ុន្តែគាត់បានទាមទារលើសពីនេះ តាមតែចិត្តគាត់ចង់បាន ពូកទន់ល្អ មានអ៊ីនធើណែតWi ។
២. ផេក(Pago)ឈ្មោះ បង ឌីយ៉ាម៉ង់ – សម្លេងប្រជាជនបានលើកឡើងថា៖ អ្នកជំងឺសម្រាកបានតែមួយយប់ ចាក់ថ្នាំបានតែមួយម្ជុល ហើយសេរ៉ូម និងលាងរបួស ក៏ត្រូវអ្នកជំងឺទិញពីខាងក្រៅដែរ ។ ការបកស្រាយ គ្រូពេទ្យបានចាក់ថ្នាំមួយម្ជុលពេលមកដល់បន្ទប់សម្រាកពិតមែន គឺបានចាក់តាមវេជ្ជបញ្ហា គ្រូពេទ្យ ដែលបានពិនិត្យសភាពជំងឺកូនរបស់គាត់ ទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ។ ដោយហេតុគាត់បានចូលពិនិត្យ ព្យួរសេរ៉ូម ចាក់ថ្នាំ និងលាងរបួស នៅសេវាឯកជន រួចមកហើយ ( ថែមទាំងទិញសេរ៉ូមមួយប្លោកមកទៀត ហើយ គ្រូពេទ្យមិនតម្រូវ ប្តូរសេរ៉ូម ផ្តល់ថ្នាំលើសកម្រិត និងមិនលាងរបួសនោះម្ដងទៀតនោះទេ ត្រូវរង់ចាំដល់ពេល ត្រូវលាងរបួសប្រចាំថ្ងៃ ។ លុះព្រឹកឡើងគ្រូពេទ្យបានផ្តល់ថ្នាំម្ដងទៀត ទៅក្នុងសេរ៉ូម ដែលព្យូមកពីសេវ៉ាឯកជន ចំពោះការលាងរបួសក្រុមគ្រូពេទ្យបានអនុវត្តការលាងរបួស ប្រចាំថ្ងៃដដែល ដែលមានពីរវគ្គ វគ្គទី ១ ម៉ោង ៩ និង ០០ នាទី និងវគ្គទី ២ ម៉ោង ១៥ និង ៣០ នាទី ។ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ មានអ្នកជំងឺដែលសម្រាកនឹងត្រូវ លាងរបួស ចំនួន ៣០ នាក់ ចំណែកគ្រូពេទ្យប្រចាំការថ្ងៃឈប់សម្រាកមាន ៥ នាក់ក្នុងផ្នែកវះកាត់នេះ ( វេនយាម ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ គឺគ្រូពេទ្យព្យាបាល ១ នាក់ និងគិលានុបដ្ឋាក ១ នាក់ដើរពិនិត្យជំងឺតាមបន្ទប់ ២ នាក់ លាងរបួសតាមបន្ទប់អ្នកជំងឺ ( ១ នាក់ បំពេញឯកសាររដ្ឋបាលប្រចាំថ្ងៃ ) ។
ដូចច្នេះត្រូវការរង់ចាំពេលវេលាបន្តិច រហូតគ្រូពេទ្យលាងរបួសមកដល់បន្ទប់គាត់សម្រាក ប៉ុន្តែគាត់មិនមានការយោគយល់ចំពោះគ្រូពេទ្យ ទើបគាត់ ឡូឡា រហូតដល់កន្លែងពិគ្រោះជំងឺក្រៅ ។
៣. ផេក(Page)ឈ្មោះ បង ឌីយ៉ាម៉ង់ សម្លេងប្រជាជនបានលើកឡើងថា ក្រុមគ្រួសារអ្នកជំងឺ គិតថារបួសកូនរបស់គាត់ធ្ងន់ធ្ងរពេក គាត់សម្រេចចិត្តសុំយកកូនចេញពីមន្ទីរពេទ្យ ដើម្បីទៅព្យាលបាលនៅខាងក្រៅវិញ និងគ្រូពេទ្យទាមទារបង់សេវាសម្រាកពេទ្យចំនួន ២០ ម៉ឺនរៀល ។
ការបកស្រាយ៖ គ្រូពេទ្យបានប្រាប់អំពីលទ្ធផលដែលបានស្កែន កូនរបស់គាត់រួចហើយ ថាមិនមានបញ្ហាបាក់បែក ឆ្អឹង ឬ ប៉ះពាល់ខួរក្បាល នោះទេ ត្រូវការសម្រាកព្យាបាល និងតាមដាន ។ ប៉ុន្តែគាត់មិនព្រម ស្ដាប់ និងពិភាក្សា ជាមួយគ្រូពេទ្យទេ បែរជាចង់សុំចេញពីពេទ្យដោយការឡូឡា មិននិយាយហេតុផល ( ចំពោះការសុំយកអ្នកជំងឺចេញ ពីមន្ទីរពេទ្យ គ្រូពេទ្យមិនមានសិទ្ធិ បង្ខិតបង្ខំ ត្រូវតែឱ្យសម្រាកក្នុងមន្ទីរពេទ្យនោះទេ ) ។ បន្ទាប់មកគ្រូពេទ្យបានសរសេរ បង្កាន់ដៃបង់ប្រាក់សម្រាប់ការសម្រាកព្យាបាលនៅផ្នែកវះកាត់ ឱ្យគាត់ទៅបង់ប្រាក់ចំនួន ២០ ម៉ឺនរៀល នៅកន្លែងបញ្ជរបង់ប្រាក់ ទោះបីជាការសម្រាកព្យាបាល បាន ១ ថ្ងៃ ឬ ២ ថ្ងៃ ឬលើសពីនេះទៀតក៏មន្ទីរពេទ្យតម្រូវឱ្យបង់ថ្លៃសេវា ព្យាបាលជាកញ្ចប់ ( បញ្ចាក់ការបង់ថ្លៃសេវាព្យាបាលតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ គឺអនុវត្តតាមគោលការណ៍ ណែនាំ និង តម្លៃសេវាហិរញ្ញប្បទានដែលបានកំណត់ចែងក្នុងតារាងហិរញ្ញប្បទាន ដោយក្រសួងសុខាភិបាល ) ។ ក្រោយមកគាត់បានឡូឡា រករឿង រកលេស ចោទប្រកាន់ ក្រុមគ្រូពេទ្យគ្រប់បែបយ៉ាង ទោះបីគ្រូពេទ្យព្យាយាម និយាយសម្របសម្រួលយ៉ាងណាក៏ដោយ ។

សេចក្តីសន្និដ្ឋាន មន្ទីរពេទ្យសូមបដិសេធន៍ទាំងស្រុង ចំពោះការរិះគន់ ចោទប្រកាន់ខាងលើនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សូមអរគុណ និងរីករាយទទួលយកនូវការរិះគន់ ដើម្បីស្ថាបនា និងតម្រូវក្នុងការអភិវឌ្ឍន៍នូវសេវាសុខាភិបាលសាធារណៈ ឱ្យបានកាន់តែប្រសើរឡើង ។ អាស្រ័យហេតុដូចបាន បកស្រាយបំភ្លឺខាងលើ សូមសារធាណ:ជន មេត្តាជ្រាបជាព័ត៌មាន ៕ សុខ ផន

 

អត្ថបទដែលជាប់ទាក់ទង