ពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរទទួលបាននូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពត្រពាំងព្រីងជាផ្លូវការហើយ

ត្បូងឃ្មុំ : ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ និងលោកជំទាវ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពត្រពាំងព្រីង ស្រុកតំបែរ ។
ពិធីសម្ភោធនេះធ្វើឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សកម្មភាព របស់មន្ទីរសុខាភិបាលខេត្ត នៅការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្ដល់នូវសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលដែលមានស្រាប់ជាច្រើន សម្រាប់បម្រើសេវាសុខភាពសាធារណៈ នៅក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រក្សាបាននូវសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនា របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរ ។ ជាក់ស្តែងឯកឧត្តមផ្ទាល់ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ តែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព និងបានខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង ជួសជុលមណ្ឌលសុខភាពត្រពាំងព្រីងនេះ សមិទ្ធផលទាំងនេះ បានធ្វើឱ្យឃុំត្រពាំងព្រីង មានការផ្លាស់ប្តូរមុខមាត់ជាថ្មីបន្ថែមទៀត ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែង សូមអរគុណសន្តិភាព ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព ទើបមានឱកាសបង្កលក្ខណៈល្អប្រសើរ ដល់ការអភិវឌ្ឍន៍រីកចម្រើនលើវិស័យគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរទៅកាន់មន្ទីរពេទ្យ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាថែទាំ និងព្យាបាលជំងឺ នៅមណ្ឌលសុខភាពនេះ ។
ឯកឧត្តម វេង សាខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្នាន បន្តចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស ដើម្បីការរីកចម្រើន និងការអភិវឌ្ឍ។ ទន្ទឹមនោះដែរ បើទោះបីមានការធូរស្បើយនូវជំងឺកូវីដ-១៩ហើយក្ដី សូមប្រជាពលរដ្ឋទាំងអស់បន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខភាពដែលនៅជិត និងសូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ទៀត តាមកាលកំណត់ជាក់ស្ដែង ។
សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពត្រពាំងព្រីង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកសាងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភពីអង្គការភូមិសនិ្តភាពអន្តរជាតិ ប្រទេសអាឡឺម៉ង់ ដោយមណ្ឌលសុខភាពត្រពាំងព្រីង នេះ មានអគារចំនួន ២អគារ ក្នុងនោះ១អគារ សម្រាប់ទទួលពិនិត្យជំងឺទូទៅ ផ្ដល់ថ្នាំបង្ការ ពិនិត្យផ្ទៃពោះ មានទំហំបណ្ដោយប្រវែង១៤ម៉ែត្រ និងទទឹង៨.៨ម៉ែត្រ និងអគារ១ទៀតមានទំហំ បណ្តោយប្រវែង៨ម៉ែត្រ និងទទឹង៥.៤ម៉ែត្រ ជាអគាររង់ចាំសម្រាល និងឃ្លាំងថ្នាំ និងមានរបងពាត់ជុំវិញ ផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង