រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់សរុប ៤៥ លានដុល្លារ ដើម្បីជួយដល់គ្រួសារងាយរងហានិភ័យ

(ត្បូងឃ្មុំ) : ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមបើកកិច្ចប្រជុំជាមួយក្រុមការងារ ក្រុមប្រឹក្សាជាតិគាំពារសង្គម ។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងសាលប្រជុំ ( ក ) សាលាខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានអនុសាសន៍ថា ដើម្បីពិនិត្យមើលពីវឌ្ឍន:ភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសាររងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដោយគ្រោះទឹកជំនន់ ។
ឯកឧត្ដមបណ្ឌិតបន្តថា ពាក់ព័ន្ធការដោះស្រាយបញ្ហជូនប្រជាពលរដ្ឋក្រីក្រនេះ រាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន​គិតគូរ​យ៉ាង​ខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាក់ស្តែងមកដល់ពេលនេះ ដោយឡែកនៅខេត្តត្បូងឃ្មុំ មានគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ទាំង ៧ ក្រុងស្រុក សរុបចំនួន ៣.២០៣ គ្រួសារ និងគ្រួសាររងហានិភ័យទាំង ៧ ក្រុងស្រុក មានចំនួន ២១.០០១ គ្រួសារ នេះបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលពលរដ្ឋ ។
សូមរំលឹកផងដែរថារាជរដ្ឋាភិបាលចំណាយថវិកា នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ សរុប​ជាទឹកប្រាក់ប្រមាណ ៤៥ លានដុល្លារ ក្នុងនោះការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុង​អំឡុងពេលមានសម្ពាធអតិផរណា មានចំនួន ៣១ លានដុល្លារ និងជូនគ្រួសារងាយរងហានិភ័យ ដែល​រង​ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ប្រមាណជិត ១៥ លានដុល្លារ ។
ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារសង្គម បានលើកឡើងស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារ​ងាយ​រង​ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់, នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា តាម​ការកំណត់អត្តសញ្ញាណ ឃើញថា គ្រួសារងាយរងហានិភ័យទាំងពីរប្រភេទ សរុបមានចំនួនជិត ៣៦ ម៉ឺនគ្រួសារ ក្នុងនោះចំពោះការបើកផ្តល់សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យនេះ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា មានចំនួនជិត ១០ ម៉ឺនគ្រួសារ ដោយបានបើកផ្តល់សាច់ប្រាក់ចំនួន ៣ លើក ចាប់​ផ្តើម​លើក​ទី ១ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លើកទី ២ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ និងលើក​ទី ៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ សរុបទឹកប្រាក់ប្រមាណ ៣១ លានដុល្លារអាមេរិក ។
ឯកឧតនតមបន្តថា ចំណែក​កម្ម​វិធី​ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ មានគ្រួសារប្រមាណជាង ២០ ម៉ឺនគ្រួសារ នៅក្នុងតំបន់ភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន ១៦​ គោល​ដៅ សរុប​ថវិកា​ប្រមាណជិត ១៥ លានដុល្លារ ក្នុងនោះ​ចំពោះការកំណត់គោលដៅ​អត្តសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យនេះ នឹងអាចមានជាបន្តទៀត ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង