ក្នុងពិធីចូលឆ្នាំសកល ២០២២-២០២៣ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់
( ត្បូងឃ្មុំ ) : ក្នុងពិធីចូលឆ្នាំសកលឆ្នាំ ២០២២-២០២៣ ឆ្នាំនេះ បើគិតត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរណ៍ចំនួន ១៦៨.៤៤២ នាក់ ក្នុងនោះស្រី ១០៦.៨២១ នេះបើតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ បើប្រៀបធៀបនឹងឆ្នាំ ២០២១-២០២២ មានភ្ញៀវសរុប ២៧.៧៦៣ នាក់ មានការកើនឡើងចំនួន ៥០៦,៧១ % ។
លោក អឿន រិទ្ធ បានឲ្យដឹងទៀតថា ក្នុងនោះមានតំបន់រមណីយដ្ឋាន ៧ ទីតាំង និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវមកកម្សាន្តច្រើនដោយសារមាន ស្តង់ពិព័រណ៍មុខម្ហូបអាហារខ្មែរ ការប្រគុំតន្រ្តី ការប្រគួតកីឡាប្រដាល់គុណខ្មែរ និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ ។
លោក អឿន រិទ្ទ បន្តថា រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុប ១១៥ នាក់ ស្រី ៦៣ នាក់ រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុប ១៣៦ នាក់ ស្រី ៧៦ នាក់ រមណីយដ្ឋាន ព្រះធាតុបាស្រី មានភ្ញៀវសរុប ៩៩ នាក់ ស្រី ៥២ នាក់ រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុប ៦៦៧ នាក់ ស្រី ៣៣៥ នាក់ រមណីយដ្ឋាន អូក្តូង មានភ្ញៀវសរុប ២១០ នាក់ ស្រី ១០៣ នាក់ រមណីយដ្ឋាន បឹងក្រចាប់ មានភ្ញៀវសរុប ៥០ នាក់ ស្រី ២៤ នាក់ / រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុប ២៩១ នាក់ ស្រី ១៣៨ នាក់ និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវសរុប ១៦៦.៨៧៤ នាក់ ស្រី ១០៦.០៣០ នាក់ ។
លោកប្រធានមន្ទីរបញ្ជាក់ទៀតថា មន្រ្តីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានផ្សព្វផ្សាយ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេស វិធានការ ៣ ការពារ ៣ កុំ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ និងបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ចងបដាផ្សព្វផ្សាយ “ទីក្រុងស្ពាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ក្នុងការជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋាន ឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕ សុខផន