ផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នងនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានបាក់សរុតចូលទន្លេអស់ទាំងស្រុង
(ព្រៃវែង) : លោក ចេម ប្រា អភិបាលស្រុកពារាំងបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពារាំងដែលមានលោក ស៊ុំ សីហា ជាអធិការ បានដឹកនាំន្ត្រីក្រោមឱវាទ ចុះជួយរុះរើឥវ៉ាន់របស់ប្រជាពលរដ្ឋ ដែលបានបាក់ស្រុតផ្ទះចំនួន ៣ ខ្នងផ្ទះ ចូលទៅក្នុងទឹកទន្លេ ក្រោយពីទទួលបានដំណឹងភ្លាមៗ ។
ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ១៤ រសៀល ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
បើតាមលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ពពិល បានឲ្យដឹងចា នៅក្នុងអំឡុងម៉ោងខាងលើ មានផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នងផ្ទះ ដែលតនរូវបានរងការខូចខាតនោះ ទី ១ ផ្ទះទំហំ ៦ ម៉ែត្រ គុណ ៨ ម៉ែត្រ ជាប្រភេទផ្ទះថ្ម ទី ២ ផ្ទះទំហំ ៦ ម៉ែត្រគុណ ៨ ម៉ែត្រ ជាប្រភេទផ្ទះឈើ និងទី ៣ ផ្ទះទំហំ ៦ ម៉ែត្រគុណ ៨ ម៉ែត្រ ជាប្រភេទផ្ទះឈើ ។
រីឯម្ចាស់ផ្ទះរងគ្រោះ ទី ១ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ) ២ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ) និង៣ ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ) ។
លោក ថេង ប៊ុនឡេង បញ្ជាក់ថា ផ្ទះទាំង ៣ ខ្នងខាងលើ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ ។
បើតាមការស្មាន(បឋម)ខូចខាតគិតជាទឹកប្រាក់ប្រហែល ៤០០.០០០.០០០ ៛(បួនរយលានរៀល) ៕ សុខ ផន