កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងជូនដល់មន្ត្រី លធ.ខប និងភាគីពាក់ព័ន្ធ

ត្បូងឃ្មុំ : លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំបានថ្លែងថា នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ តាមឃុំ សង្កាត់ កន្លងមកគឺ បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ដោយមានការចូលរួម ពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ទោះបីដំណើរការនេះ យើងរៀបចំឡើងក្នុងបរិបទរីករាលដាលជំងឺកូវីដ-១៩ មិនទាន់អស់នៅឡើយ ការងលទ្ធផលប៉ះពាល់ខ្លះ នៃជំនន់ទឹកភ្លៀង ព្រមទាំងការប៉ះពាល់ខ្លះ ពីស្ថានភាពសម្ភារបរិក្ខាកុំព្យូទ័រ ដែលដំណើរការរអាក់រអួល ដោយសារយើងបានប្រើប្រាស់សម្ភារបរិក្ខាយូរឆ្នាំមកហើយ ប៉ុន្តែទោះយ៉ាងណាកត្តាប្រឈមទាំងនេះ ល.ខ.ប បានចាត់វិធានការដោះស្រាយបានទាល់ពេលវេលា មិនធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មីឡើយ ជាលទ្ធផលបាន ៩១,០១% ។
លោកថ្លែងបែបនេះនាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំ គ.ជ.ប សាលាស្រុកពញាក្រែក ក្នុងកិច្ចប្រជុំពីគ្រប់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល អាជ្ញាធរ កងកម្លាំងទាំង៣ផងដែរ ។
លោកប្រធានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០២២ ផែនការចុះឈ្មោះសម្រាប់ខេត្តត្បូងឃ្មុំ ចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២៧,៤៩៧នាក់ ហើយចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំ ឡើងមានចំនួន ៥៣៨.៩៧៩ នាក់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២២ មានចំនួន ៤៩០.៥៣៨ នាក់ គិតជាភាគរយស្មើនឹង ៩១,០១% បើយើងធៀបរយៈពេលដូចគ្នានឹងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ លើស ៦.៨៥៨ នាក់ ។
លោកប្រធានបន្តទៀតថា នៅថ្ងៃបញ្ចប់នៃការចុះឈ្មោះនេះ យើងគ្រាន់តែពិនិត្យផ្ទៀងផ្ទាត់ឡើងវិញជាចុងក្រោយ ដើម្បីរៀបចំជាបញ្ជីឆ្នោតពីរ ដើម្បីបិទផ្សាយតាមការកំណត់នៃច្បាប់ ទី ១ គឺបញ្ជីបោះឆ្នោតដំបូង ដែលបញ្ជីដំបូងនេះយើងនឹងត្រៀមផ្តល់ដោយសុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២៣ ក្រោយពីយើងដោះស្រាយបណ្តឹងតវ៉ា ឬនិងបណ្តឹងជំទាស់រួចរាល់ទី២ គឺបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ដែលបញ្ជីនេះគឺយើងស្រង់អ្នកដែលបាត់បង់លក្ខខណ្ឌអ្នកដែលមានឈ្មោះក្នុងបញ្ជីក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ហើយយើងនឹងត្រូវលុបចេញប្រសិនបើគ្មានការប្តឹងតវ៉ា ឬនិងប្តឹងជំទាស់ ជាសាមី អ្នកមានឈ្មោះក្នុងបញ្ជីនេះទេ ។
លោកប្រធានបានបញ្ជាក់បន្ថែមទៀតថា សូមភាគីពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមេត្តាជួយផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ សូមមកពិនិត្យលើបញ្ជីបោះឆ្មោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ជៀសវាងនៅពេលបោះឆ្នោតបាត់ឈ្មោះ ឬខុសទិន្នន័យណាមួយ ដែលធ្វើឲ្យគាត់មិនបានបោះឆ្នោត ។ ការចុះឈ្មោះបោះឆ្នោតនេះមានយន្តការបណ្តឹង ការដាក់ ការទទួល និងការដោះស្រាយ មានបីថ្នាក់.យន្តការថ្នាក់ទី១ នៅថ្នាក់ឃុំ សង្កាត់ មានក្រុមប្រឹក្សាឃុំ  សង្កាត់ មានសមត្ថកិច្ចដោះស្រាយបណ្តឹងតវ៉ា ឬនិងបណ្តឹងជំទាស់ រយៈពេលប្តឹង ( ១០ ថ្ងៃ ដោះស្រាយ៣ថ្ងៃ ).យន្តការថ្នាក់ទី ២ ថ្នាក់គ.ជ.ប រយៈពេលប្តឹង ( ៥ ថ្ងៃ ដោះស្រាយ ៥ ថ្ងៃ ).យន្តការថ្នាក់ទី ៣ ថ្នាក់បិទផ្លូវតវ៉ា ឬនិងប្តឹងជំទាស់ ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេលប្តឹង ( ៥ថ្ងៃ ដោះស្រាយ ១០ ថ្ងៃ) ។
លោក ភោគ សត្យា នាយករងរដ្ឋបាលសាលាខេត្តដំណាងលោកអភិបាលខេត្តថ្លែងថា សូមឲ្យគ្រប់គណបក្សនយោបាយ អង្គការសង្គមស៉ីវិល អាជ្ញាធរ កងកម្លាំង ក្រោយពីបានទទួលនូវចំណេះដឹងថ្មី ពាក់ពន្ធ័នឹងការបិទបញ្ជីចុះឈ្មោះបោះឆ្នោតនេះ សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់យើងឲ្យបានយល់ដឹងបន្ថែមទៀត ដើម្បីឲ្យគាត់បានបោះឆ្នោតជាតិនិតិកាលទី ៧ ឆ្នាំ ២០២៣ នេះឲ្យបានគ្រប់ៗគ្នា ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង