អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីស្រោចស្រពសុគន្ធវារី និងប្រកាសនីយ៍បត្រប្រគេនភិក្ខុមេត្តាបាលោ ម៉ៅ ម៉ាន ព្រះចៅអធិការវត្តស្តីទី ឡើងទៅជាព្រះចៅអធិការវត្តសង្ឃសាមីជុប ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ

( ត្បូងឃ្មុំ ) :

លោក ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បាននិមន្តនិងអញ្ជើញជាអធិបតីភាក្នុងពិធីពស្រោចស្រពសុគន្ធវារី និងប្រកាសនីយ៍បត្រប្រគេនភិក្ខុមេត្តាបាលោ ម៉ៅ ម៉ាន ព្រះចៅអធិការវត្តស្តីទី ឡើងទៅជាព្រះចៅអធិការវត្តសង្ឃសាមីជុប ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅវត្តសង្ឃសាមីជុប ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ថ្លែងក្នុងឱកាសនោះលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះភិក្ខុមេត្តាបាលោ ម៉ៅ ម៉ាន ព្រះចៅអធិការវត្តសង្ឃសាមីជុប ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសម្តេចតេជោ នាយករដ្ឋមន្ត្រី គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា តែងតាំងនាពេលនេះ ដើម្បីអោយព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្បូងឃ្មុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចអ្វីដែលយើងបាននឹងកំពុងឃើញនាពេលបច្ចុប្បន្ន និងបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសប្បាយ មានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យកិច្ចដំណើរការអភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្ត ដែលនាំឱ្យខេត្តមានការប្រែមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង មានសួនច្បារ, ភ្លើងបំភ្លឺផ្លូវ,ស្ពាន, អគារមន្ទីរពេទ្យ, សាលារៀន, វត្តអារាម, សំណង់អគារបម្រើប្រយោជន៍ សេវារដ្ឋបាល សេវាសង្គម និងសំណង់អាគារធំៗ កំពុងរីកស្គុះស្គាយ រួមជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនទៀត ដែលបានលេចរូបរាងលើទឹកដីខេត្តត្បូងឃ្មុំ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។
លោក អភិបាលរងខេត្ត បន្តថា ការរីកចម្រើននៅវត្តសង្ឃសាមីជុបនេះ ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីនិន្នាការរួម នៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងសង្គមកម្ពុជានៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយការរស់រានឡើងវិញចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យបានរីកចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន ។
ជាមួយគ្នានេះ លោកអភិបាលរង ក៏បានអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿងបន្ថែមទៀត ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង