ស្រុកពារាំង ខេត្តព្រៃវែង អបអរសាទរខួបទី ៤៤ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ ២០២៣
( ស្រុកពារាំង ) :
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន សំអាត នាយករងខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ នឹងឯកឧត្តម ហង្ស ចិន្តា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុម ជួយឃុំរកា អញ្ជើញប្រារព្វវិធីអបអរសាទរ ៧ មករាខួបលើកទី ៤៤ នៃថ្ងៃជ័យជំនះ ( ៧ មករា ១៩៧៩ – ៧ មករា ២០២៣ ) ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ នៅភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ឯកឧត្តម សុិន សំអាត បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីសង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលរបស់របបដ៏សាហាវ យង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើក ឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម រយៈពេល ៤៤ ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលពិភពលោក ទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរ៉ៃ រាប់ទសវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និង មានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។
ឯកឧត្តមបន្តថា ឆ្នាំ ២០២២ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អ ដែលផ្តល់ ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍ អន្តរជាតិ នៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានខិតខំអនុវត្ត កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗជាច្រើន ប្រកបដោយមោទនភាព ។
ឯកឧត្តមបន្ថែមថា សារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព ៕ សុខ ផន