ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាល ជាមួយយុវជនគណបក្ស ក្នុងរចនាសម្ព័ន្ធស្រុកត្បូងឃ្មុំ
(ត្បូងឃ្មុំ) :ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកត្បូងឃ្មុំ ។
ពិធីសំណេះសំណាលនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហា ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្ងត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុកឃុំ ភូមិ និងយុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបណ្ឌិត បានបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកត្បូងឃ្មុំត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ ៕