លោក ចេង ប៊ុណ្ណារ៉ា សម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ : លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។
ពិធីសម្ភោធនេះកាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នៅបរិវេណសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្រុកមេមត់ ពិធីនេះក្នុងក្របខ័ណខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក យុវសិស្ស ជាកីឡាករ កីឡាការិនី ព្រមទាំងសិស្សានុសិស្សប្រមាណជាង ១ ពាន់នាក់ ។
ក្នុងនោះផងដែរ លោក ចេង ប៊ុណ្ណារ៉ា បានចូលរួមសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ទាំង ២៥ រាជធានី/ខេត្ត តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម កែវ សារ៉ាត់ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅក្នុងវិទ្យាល័យអង្គរ ខេត្តសៀមរាប ។
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ទីរអប់រំយុវជន និងកីឡា និងអាជ្ញាធររាជធានី ខេត្ដ ទាំង ២៥ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍សាលា តម្រង់ទិសកីឡាបាល់ទាត់រាជធានី ខេត្តមួយ សាលាតម្រង់ទិសកីឡាបាល់ទាត់មួយ នៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការគាំទ្រពីរាជធានី-ខេត្ត និងការឧបត្ថម្ភ និងគាំទ្រថវិកាពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ។
សាលាតម្រង់ទិសកីឡាបាល់ទាត់ផ្តល់សារៈប្រយោជន៍ជាច្រើនដល់សង្គម និងផ្តល់ឱកាសដល់យុវជនកម្ពុជាយើងមានសេចក្តីសង្ឃឹមនាពេលអនាគត គឺចេះលេងកីឡាបាល់ទាត់បានត្រឹមត្រូវតាមក្បួនខ្នាតនិងបច្ចេកទេស ព្រមទាំងទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រៅពីទទួលបានពុទ្ធិពីសាលារៀន ការបង្កើតទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងអប់រំឱ្យចេះរួមរស់ជាក្រុម និងរួមចំណែកកាត់បន្ថយភាពអសកម្មក្នុងសង្គម ។
នាឱកាសនោះដែរ ឯកឧត្តម កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបានគូសបញ្ជាក់ដែរថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចូលជាសមាជិកសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) តាំងពីឆ្នាំ ១៩៣៣ មកម៉្លេះ បើគិតមកដល់ពេល នេះមានរយៈពេល ៩០ ឆ្នាំមកហើយ សហព័ន្ធបាល់ទាត់អន្តរជាតិតែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍបាល់ទាត់គ្រប់កម្រិតដោយក្នុងនោះ រួមមានការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ផ្នែកបច្ចេកទេសការងាររដ្ឋបាល វគ្គបណ្តុះបណ្ដាលផ្សេងៗ និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសាងសង់ទីលានបាល់ទាត់ស្មៅធម្មជាតិទូទាំង២៥ រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយក្នុងការបំផុសបំផុលវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ដើម្បីចូលរួមយ៉ាងសកម្មក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅក្នុងឆាកអន្តរជាតិ ។
ជាមួយគ្នានោះ លោក ចេង ប៊ុណ្ណារ៉ា តំណាងឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់នៅទូទាំងប្រទេសនិយាយជារួម ពិសេសនៅខេត្តត្បូងឃ្មុំទាំងមូល និយាយដោយឡែក សូមចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះបានយ៉ាងទូលំទូលាយ និងសូមប្រជាជនកម្ពុជាគ្រប់ៗរូប សូមចូលរួមគាំទ្រការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុលផុស និងទទួលជោគជ័យ ។ តមកគណប្រតិភូខេត្ត ក៏បានកាត់ខ្សែបូសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាផ្លូវការ និងទូទាំង ២៥ រាជធានី/ខេត្ត ៕