អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមយុវជនជាង ៣០០ នាក់ តំណាងមកពី ២៩ វិទ្យាល័យទូទាំងខេត្ត ចុះទស្សនៈកិច្ចសិក្សាលើកទី ១៣ ក្នុងការស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រកោះថ្ម x16 និងស្តូបវិមាន ២ ធ្នូ

(ត្បូងឃ្មុំ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាក្រុមប្រឹក្សាយុវជនកម្ពុជា សរុបជាង ៣០០ នាក់ មកពី ២៩ វិទ្យាល័យទូទាំងខេត្តត្បូងឃ្មុំ ទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម x16 ។
ដែលពិធីនេះធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
ក្នុងទស្សនៈកិច្ចនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន-អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុក នាយកវិទ្យាល័យ រួមទាំងប្អូនៗជាយុវជន សរុបជាង៣០០នាក់ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា ៖ ដំណើរទស្សនៈកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 និងស្តូបវិមាន២ធ្នូ ដែលរៀបចំឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយុវជនពង្រឹងចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទស្សវត្សរ៍ឆ្នាំ៧០ រហូតដល់ទស្សវត្សរ៍ឆ្នាំ៩០ និងស្វែងយល់ពីដំណើរតស៊ូរបស់ ថ្នាក់ដឹកនាំកំពូលៗនៃកម្ពុជា ក្នុងការតស៊ូរំដោះជាតិមាតុភូមិ ។
ពិសេសដំណើរតស៊ូរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកៀគរកម្លាំងវាយផ្តួលរបបខ្មែរក្រហម ដើម្បីរំដោះប្រទេស និងប្រជាជនឱ្យរួចផុតពី ការកាប់សម្លាប់របស់របបខ្មែរក្រហម និងបង្រួបបង្រួមផ្សះផ្សារជាតិ និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ព្រមទាំងនាំមកនូវសុខសន្តិភាពជូនសង្គម និងប្រជាជនកម្ពុជាឱ្យរីកចម្រើន រុងរឿងសម្បូរសប្បាយមក ដល់បច្ចុប្បន្ន ។
ឯកឧត្តមបណ្ឌិត បន្តថា ៖ កោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀតដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត រួមមាន៖ នុច ថន  ,ញឹក ហួន,សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អបអរសាទរ និងសម្តែងនូវការកោតសរសើរដល់ប្អូនៗក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សារៀនសូត្រ តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់X16  ស្តូបវិមាន ២ធ្នូ នាពេលនេះ ដែលគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញអំពីដំណើរនិងប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ។
បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ៖ ទស្សនកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 និងស្តូបវិមាន២ធ្នូ គឺបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នេះ មានយុវជនចូលរួមសរុប ប្រមាណ ៧៦៤ នាក់ បានចំនួន ១៣ លើក ។
ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ជាលើកទី១៣ហើយ ដែលមានយុវជនទូទាំងខេត្តចូលរួម សរុប៣០០នាក់ មកពីតាមវិទ្យាល័យ អនុវិទ្យាល័យ ទូទាំងខេត្ត ចំនួន ២៩សាលា រួមមាន ៖ ស្រុកត្បូងឃ្មុំ   ០៧ វិទ្យាល័យ ស្រុកមេមត់ ០៤ វិទ្យាល័យ ស្រុកតំបែរ   ០៣ វិទ្យាល័យ  ស្រុកក្រូចឆ្មារ   ០៥ វិទ្យាល័យ និង ០១ អនុវិទ្យាល័យ   ស្រុកពញាក្រែក   ០៤ វិទ្យាល័យ ស្រុកអូររាំងឪ  ០៣ វិទ្យាល័យ   ក្រុងសួង ០១ វិទ្យាល័យ ។
សូមជម្រាបថា៖ ទសន្សៈកិច្ចសិក្សាទៅកាន់តំបន់ទាំង២សំខាន់ៗខាងលើនេះ ក្រោមគំនិតផ្តួចផ្តើម និងគាំទ្រថវិកាទាំងស្រុងពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ២០២០មក មានរយៈពេល០៣ឆ្នាំមកហើយ ក្នុងគោលបំណងសំខាន់បំផុតនោះ ដើម្បីយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិត ក្នុងការតស៊ូបូជាសាច់ស្រស់ឈាមស្រស់យកអាយុជីវិតមកប្តូរ នាំយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង