អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្ត
( ត្បូងឃ្មុំ ) :លោង ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២១.២២ ខែមករា ឆ្នាំ ២០២៣ នៅសាលាបឋមសិក្សា ស ខេង (ខ្នារ) ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា ពុទ្ធសាសនា មិនត្រឹមតែអប់រំមនុស្សឱ្យសាងតែអំពើល្អតែមួយមុខនោះទេ ពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល ។
លោកអភិបាលរថបានបន្តថា ភាពរីកចម្រើននៃវិស័យពុទ្ធសាសនា នាពេលបច្ចុប្បន្ននេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមដំបូលនៃសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ បានខិតខំតស៊ូ ទាមទារយកសន្តិភាពបានមកដោយលំបាក់ ហើយភាពរីកចម្រើននៃវិស័យពុទ្ធសាសនានេះទៀតសោត បានឱ្យពលរដ្ឋបានធ្វើបុណ្យបានសប្បាយរីករាយ ព្រះសង្ឃបានសិក្សារៀនសូត្របានជ្រៅជ្រះ ខុសពីសម័យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលតាមទីវត្តអារាម សូម្បីតែព្រះសង្ឃត្រូវបង្ខំចិត្ត ធ្វើការដូចរាស្រ្តធម្មតាដើម្បីចិញ្ចឹមក្រពះដែរ ។
លោកអភិបាលរងខេត្ត បានកោតសរសើរដល់ព្រះមន្ត្រីសង្ស សាលាគណខេត្ត សាលាអនុគណជាពិសេសមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តទាំងអស់ដែលបានរួមសហការ ដើម្បីរៀបចំការប្រឡងនូវវិញ្ញាបនបត្រនេះឡើងកិច្ចខិតខំទាំងនេះ គឺជាការរួមនូវវិភាគទានដ៏មានតម្លៃមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងការកសាងនិងអភិវឌ្ឍធនធានព្រះសង្សកម្ពុជា ស្របតាមគោលនយោបាយអប់រំជាតិ គឺការពង្រឹងគុណភាពវិស័យអប់រំពន្ធ គឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។
ចំពោះពុទ្ធិកសិក្សាវិញរាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវកម្មវិធីនយោបាយបន្តការគោរពសេរីភាព ខាងជំនឿសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាពិសេសការបន្តពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សាឲ្យមានទាំង បរិមាណ និង គុណភាព នៅគ្រប់កម្រិតដោយឡែកនៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត ។
សូមបញ្ជាក់ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំនាពេលនេះ មានសាមណសិស្សសរុប ២២២ អង្គ/នាក់ ចែកចេញជា៩បន្ទុប់ អនុរក្ស ១២ អង្គ/នាក់ មាន ៦ វិញ្ញាសារ មានរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ -២២ ខែមករា ឆ្នាំ ២០២៣ ៕