ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល ផ្តល់រង្វាន់ដល់ប្រតិភូកីឡាខេត្តត្បូងឃ្មុំ ១២៧ នាក់ ទទួលជ័យលាភីមេដាយសរុប ១៧ គ្រឿង ក្នុងការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការលើកទី ១
( ត្បូងឃ្មុំ ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន ១២៧ នាក់ បានចូលរួមប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការលើកទី ១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ) ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នៅក្នុងសាលប្រជុំសាលាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាល-អភិបាលរងក្រុងស្រុក ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ស.ស.យ.ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្ដែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការលើកទី ១ នាពេលកន្លងមក ដែលកីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រកួតបញ្ចេញទេពកោសល្យ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតបានយ៉ាងល្អ ជាពិសេសទទួលបានជ័យលាភី សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូល ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ គឺបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាច្រើនម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍បន្តថា កត្តាសុខសន្តិភាព បានធ្វើអោយ ប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ សូមអរគុណសន្តិភាព ក្នុងនោះវិស័យកីឡា ក៏វិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់ ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ជាពិសេសលើកទឹកចិត្តកម្លាំងកាយ និងកម្លាំងស្មារតី ធ្វើឲ្យប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលគួរជាទីមោនៈ ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ ក្រៅពីការសិក្សា សូមនាំគ្នាលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាព បង្កើនសាមគ្គីភាព ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ទទួលជ័យលាភី ព្រមទាំង ប្រតិភូ គ្រូបង្វឹក សិស្សានុសិស្ស យុវជន (ស.ស.យ.ក) យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ផងដែរ ។
បើតាមការបញ្ជាក់ របស់លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡានេះ បានប្រព្រឹត្តទៅ ចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជូនប្រតិភូកីឡាខេត្តរួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន ១២៧ នាក់ ប្រកួតប្រជែង ចំនួន ១២ ប្រភេទវិញ្ញាសារកីឡា ជាលទ្ធផលទទួលបាន មេដាយមាស ១ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរឹទ្ធិ ៧ គ្រឿង សរុបរួមទទួលបានចំនួន ១៧ គ្រឿង ក្នុងនោះមានដូចជា ១ – ប្រភេទកីឡាហែលទឹក និងបូស្យាជនពិការ ទទួលបានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ២ – ប្រភេទកីឡា WTF ទទួលបានមេដាយប្រាក់ ១ គ្រឿង ៣ – ប្រភេទកីឡាទ្រីយ៉ាត្លុង ទទួលបានមេដាយប្រាក់ ១ គ្រឿង ៤ – ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយប្រាក់ ១ គ្រឿង ៥ – ប្រភេទកីឡាវាយសី ទទួលបានមេដាយ សំរឹទ្ធិ ១ គ្រឿង ៦- ប្រភេទកីឡាសូហ្វតិន្ន័ស ទទួលបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ២ គ្រឿង ៧ – ប្រភេទកីឡាវ៉ូវីណាម ទទួលបានមេដាយសំរឹទ្ធិ ៣ គ្រឿង ៕