ឯកឧត្ដម អ៊ុន ចាន់ដា វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ

កំពង់ចាម ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចលនាភូមិមួយ ផលិតផលមួយប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ដែរមានសមាជិកចូលរួមប្រមាណ ៣០០នាក់ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការជួបជុំគ្នាក្នុងពេលនេះ គោលបំណងរួមគឺចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ និងជំរុញការងារចលនា ភូមិមួយផលិតផលមួយឱ្យមានដំណើរការ កាន់តែល្អប្រសើរ ហើយបើពិនិត្យជារួម ឃើញថាសមាសភាពភាគច្រើនមកចូលរួមនាព្រឹកនេះ គឺជាវិស័យឯកជន ដែលមានមា្ចស់សិប្បកម្ម សេវាកម្ម សហគ្រាស អាជីវករ ផលិតករ អាជិវករ ជាពិសេស ម្ចាស់ផលិតផលប្រមាណជិត ៤០រូប ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ នៃគណៈកម្មាធិការជម្រុញចលនាភូមិមួយផលិតផលមួយខេត្តកំពង់ចាម។

ឯកឧត្ដម បានបន្តថា ជាការពិត វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះ នៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជា កម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងគោលការណ៍នេះ សម្រាប់ខេត្តកំពង់ចាមពិតជាមានសក្តានុពលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិមួយផលិតមួយបានចំនួន៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផល ដែលមានសក្តានុពលជាច្រើនទៀត ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូល ជាសមាជិក។

ឯកឧត្ដម អ៊ុន ចាន់ដា ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយ មានស្ថេរភាព និងការរីកចម្រើនទៅបាន ទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ចំនួន ៣គឺ:១-គិតជាសាកលដោយធ្វើតាមមូលដ្ឋានគឺសំដៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែលអាចរកទីផ្សារបាន។២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើកមានន័យថាប្រជាជនក្នុងមូលដ្ឋានអាចសម្រេចចិត្តផលិតនៅផលិតផលនានាទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិតផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះត្រូវមានភារកិច្ចសម្របសម្រួលផ្នែកបច្ចេកទេស និងទីផ្សារ។៣ជំរុញការអភិវឌ្ឍធនធានមនុស្ស:កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយគឺការអភិវឌ្ឍធនធានមនុស្សហើយចលនានេះនឹងពុំអាចទទួលជោគជ័យបានឡើយប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។

ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទ មានឆន្ទៈមោះមុត អនុវត្តឱ្យបានតាមគោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើ នោះមូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក ការបង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាពត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង