អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យមន្ត្រីជំនាញ ឆ្លើយតបឲ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម និងផលិតកម្មសត្វគ្រប់ប្រភេទ
(ត្បូងឃ្មុំ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជំរុញឲ្យមន្ត្រីជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នា ឆ្លើយតបឲ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម ការផលិតកម្មសត្វគ្រប់ប្រភេទ, រួមទាំងចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យនិងសុវត្ថិភាពខ្ពស់ ។
មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ ២០២៣ ។
ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក/ក្រុងទាំង៧ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេឃុំ ចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មជាច្រើនរូបទៀត ។
ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺផ្តោតលើផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម ដែលនឹងធ្វើឲ្យកំណើនក្នុងវិស័យកសិកម្មកាន់តែខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកទឹកចិត្តដល់លោក-លោកស្រី នៃការិយាល័យកសិកម្ម ធនធានធមជាតិ និងបរិស្ថានតាមបណ្តាស្រុក/ក្រុងទាំង៧ ត្រូវលើកឡើងនូវបញ្ហាប្រឈមឱ្យបានផុលផុស ទាំងការចិញ្ចឹមសត្វ, ដំណាំស្រូវ, ដំណាំផ្សេងៗនិងបញ្ហានានា ដែលពាក់ព័ន្ឋទៅនឹងវិស័យកសិកម្ម ដើម្បីមន្ត្រីជំនាញចំណុះមន្ទីរពិនិត្យ សម្រាប់មានចំណាត់គាំទ្រ និងសហការអនុវត្តឱ្យមានប្រសិទ្ឋភាព ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ មានការរីកចម្រើនទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា ក្នុងន័យនេះ គោលបំណងចំបងធំនោះគឺដើម្បីជំរុញឱ្យកម្ពុជាមានភាពខ្លាំងឈានទៅប្រកួតប្រជែងវិស័យកសិកម្ម ជាមួយប្រទេសនៅក្នុងតំបន់ និងឈានទៅរកកសិកម្មបែបធុរ:កិច្ច ដែលកិច្ចការនេះទាមទារនូវការតាំងចិត្តខ្ពស់ទើបអនុវត្តបានជោគជ័យនិងស្របតាមតម្រូវការទីផ្សារប្រកួតប្រជែង ៕