នាយកដ្ឋានជលសាស្ដ្រ ជួសជុលទប់ច្រាំងទន្លេ បានបន្តទប់មកដល់ភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ):
ប្រជាពលរដ្ឋនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សប្បាយរីករាយ ខណ:នាយកដ្ឋានជលសាស្ត្រ នៃក្រសួងធន់ធានទឹក និងឧតុនិយម បន្តទប់ច្រាំងទន្លេ កុំឲ្យបាក់ស្រុតចូលទៅក្នុងទឹកទន្លេ ដោយនាំទាំងលំនៅដ្ឋានរបស់ពួកគាត់ទៅជាមួយទៀត ។
ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេមេគង្គ ក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ថា ពេលច្រាំងទន្លេកំពង់តែបាក់ស្រុយចូលទៅក្នុងទឹកទន្លេ មកជិតដល់ផ្ទះរបស់គាត់ ពួកគាត់មានការភិតភ័យក៏រើផ្ទះ ដោយមានកម្លាំងនគរបាលស្រុក និងស្នងការខេត្តត្បូងឃ្មុំ ជួសហការរុះរើសង្គ្រោះផ្ទះរបស់គាត់ រត់ចេញពីគ្រោះធម្មជាតិមួយនេះ ។
ប្រជាពលរដ្ឋបន្តថា នៅពេលនេះមានកម្លាំងគ្រប់គ្រងគ្រោះមហន្តរាយ មកជួសជុលទប់ច្រាំងទន្លេឡើងវិញបែបនេះ ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ។
ប្រជាពលរដ្ឋបន្ថែមទៀតថា នៅពេលគេទប់ច្រាំងទន្លេនេះរួចហើយ ពួកគាត់នឹងជញ្ជូនឈើផ្ទះរបស់គាត់ មកសាងសង់នៅលើជើងសសរផ្ទះចាស់របស់គាត់វិញហើយ ពួកគាត់មានដីសង់លំនៅដ្ឋានសមនរាប់រស់នៅវិញហើយ ។
ក្រុមបច្ចេកទេសទប់ច្រាំងទន្លេបានឲ្យដឹងថា គម្រោងទប់ច្រាំងទន្លេនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេលនេះ មានប្រវែង ២៧០ ម៉ែត្រ ។
ក្រុមបច្ចេកទេសបន្តថា បន្ទាប់ពីទប់នៅទីតាំងនេះរួច កម្លាំងនឹងបន្តទៅទប់នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបន្តទៀត ពេលរួចនៅឃុំខ្ពបតាងួន ទើប ត្រឡប់បកមកទុប នៅភូមិទួលគរ ឃុំទន្លេបិត និងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ នៅទីនេះបន្តឲ្យគ្រប់តាមស្តង់ដារ បទដ្ឋានបច្ចេកទេស ។
ក្រុមបច្ចេកទេសទប់ច្រាំងទន្លេបន្ថែមថា ទប់នៅពេលនេះគឺគ្រាន់តែបណ្ដោះអាសន្យ ដើម្បីកុំឲ្យច្រាំងបន្តស្រុតបាក់សិនទេ ហើយពេលក្រោយទើបទប់យកម៉ាជាប់តែម្ដង ៕