រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្តថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្ត
( ត្បូងឃ្មុំ ) : រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្ត ថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ ជុំវិញខេត្ត ចុះពិនិត្យទីតាំង គ្រោងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក មកទស្សនាកម្សាន្តនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមាន កន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រី ជាដើម នៅខាងមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មី ក្នុងចំណោមរាជធានី/ខេត្តទាំង ២៥ ស្ថិតនៅទិសបូព៌ានៃប្រទេសកម្ពុជាមានចម្ងាយប្រម៉ាណជា ១៥៥ គ.ម ពី រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៧ មានសណ្ឋានដីជាវាលទំនាបកណ្ដាលនៃសណ្ដរទន្លេមេគង្គ មានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើងជាប់ខេត្តក្រចេះ ខាងត្បូងជាប់ខេត្តព្រៃវែង និងនៅទិសខាងកើតជាប់ព្រំប្រទល់ជាមួយវៀតណាម ។
ឯកឧត្តមបណ្ឌិត ក៏បានបន្តឲ្យដឹងផងដែរ ថាបច្ចុប្បន្នវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ក្នុងនោះ ខេត្តត្បូងឃ្មុំ យើង ឃើញមានភ្ញៀវទេសចរបរទេសចូលមកទស្សនា ជាបន្ដបន្ទាប់ ស្របពេលដែលមានកំណើនភ្ញៀវទេសចរ ណ៍ ប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ច្រើន ព្រោះវិស័យទេសចរណ៍ អាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ឱ្យល្អប្រសើរជាងមុន និងសេដ្ឋកិច្ចជាតិផងដែរ ។
ជាមួយការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅជាប់រង្វង់មូលខាងមុខសាលាខេត្ត និងជាប់មាត់ទន្លេសប្បនិម្មិត( បឹងតាក់វ៉ាន់ ) ដើម្បីស្រូបទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ទទួបានលទ្ធផលដ៏ល្អប្រសើរ ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ទៀតថា គម្រោងស្ថាបនាសួនកម្សាន្តនេះ មិនទាន់ដឹងថា នឹងត្រូវ ចំណាយថវិកាចំនួនប៉ុន្មាននៅឡើយនោះទេ ហើយនឹងត្រូវសាងសង់ជាដំណាក់កាលៗ ដើម្បីអំណរសាទរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ ដោយរដ្ឋបាលខេត្ត កំពុងតែសិក្សាពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្ត នឹងបង្កើតឱ្យមាន ដូចជា សួនច្បារលម្អ សួនផ្កា ដាំដើមឈើ កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រី ជាដើម ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានរមណីយដ្ឋានទេសចរណ៍ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន តំបន់ទឹកធ្លាក់ហោង សួនច្បារទន្លេសប្បនិម្មិត ( ខាងមុខសាលាខេត្ត ) រមណីយដ្ឋានទេសចរណ៍កែច្នៃអន្លង់ជ្រៃ និងតំបន់រមណីយដ្ឋានទេសចរណ៍កែច្នៃជាច្រើនទៀត ៕