អ្នកធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ អាចចេញ-ចូល និងឈប់សម្រាកបាន នៅទីតាំងទាំង ៤ នេះ…
ក្រោមម្លប់សន្តិភាព នៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា មានភាពរីចម្រើនលើគ្រប់វិស័យ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សំណង់អគារ មន្ទីពេទ្យ វត្តអារាម សាលារៀន ជាពិសេសផ្លូវល្បឿនលឿនដែលសមិទ្ធផលថ្មី បានសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋទៅដល់គោលដៅបានយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពទៀតផង។
ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿននេះដែរ បើតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ពី ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវ ត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងផែនទី Google Maps រួចជាស្រេចទៅហើយ។
លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។ ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។
ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។
សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕