ប្រជាពលរដ្ឋជាង ១.២០០ គ្រួសារ ដែលរស់បុរីកីឡា ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន ខណៈ សម្តេចតេជោ ផ្តល់ប័ណ្ណកម្មសិទ្ធិផ្ទះសម្បែងជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធផ្សេងៗទៀត
ប្រជាពលរដ្ឋប្រមាណជាង ១.២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡា បានបង្ហាញពីក្តីរំភើបរីករាយសប្បាយចិត្តយ៉ាងខ្លាំង ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប័ណ្ណ កម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ក្តីរំភើបរីករាយយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋទាំងជាង ១.២០០ គ្រួសារនេះ បានបង្ហាញឱ្យឃើញក្នុងពេលដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានចុះជួបសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនចំនួន ១.៣៩២ យូនីត ស្មើនឹងជាង ១.២០០ គ្រួសារ ជូនពួកគាត់ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣នេះ។
ឯកឧត្តម អភិបាល បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូន ទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុកក្នុងការ បង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១.២០០ គ្រួសារ ជាមួយនឹងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ ឋទាំងអស់។
ឯកឧត្តមបានបន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡាទាំង៨អគារ ។
តាមរយៈការជួយសម្រួលដល់ការធ្វើប័ណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕