កម្លាំងជំនាញបន្តទប់ច្រាំងទន្លេនៅឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចំនួន ៨៥ ភាគរយហើយ
( ត្បូងឃ្មុំ ) : កម្លាំងជំនាញទប់ច្រាំងទន្លេ នៅតែបន្តទប់ច្រាំងទន្លេមេគង្គខេត្តត្បូងឃ្មុំ កុំឲ្យបាក់ស្រុតច្រាំងនាំដោយ ទាំងផ្ទះប្រជាពលរដ្ឋទៅជាមួយនោះ មកដល់ពេលនេះ សម្រេចបានចំនួន ៨៥ ភាគរយហើយ នេះបើគឹតមកត្រឹមល្ងាចថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២៣ ដែលជាការឲ្យដឹងពីលោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី ១ ។
លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី ១ បានឲ្យដឹងថា ការទប់ច្រាំងទន្លេនាពេលនេះនៅខ្វះតែ ១៥ ភាគរយទៀតទេ កម្លាំងទប់ច្រាំងនឹងសម្រាកសិន ត្រូវទៅទប់នៅកន្លែងផ្សេងទៀត ។
លោក ទួន ឆៃលឹម បន្តថា កម្លាំងទប់ច្រាំងទន្លេនេះនឹងមកទប់បន្តទៀតនៅរដូវទឹកទន្លេហក់ឡើង នារដូវវស្សានេះ ដើម្បីពិនិត្យមើលពីចរន្តនៃកម្លាំងទឹកហូរ ត្រូវទប់តាម បទដ្ឋានបច្ចេកទេស ។
ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើបានឲ្យដឹងថា ពួកគាត់មានការត្រេកអរយ៉ាងខ្លាំង ខណ:មានកម្លាំងគណ:កម្មការគ្រោះមហន្តរាយ បានមកទប់ច្រាំងទន្លេមិនឲ្យបាក់ស្រុត ដល់លំនៅដ្ឋានរបស់ពួកគាត់បន្តទៅទៀត ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់មានការព្រួយបារម្ភណ៍ ខ្លាចតែពួកក្រុមអ្នកអូសយាំងកាវ គេអូសមកប៉ះចំបាវខ្សាច់ទប់ច្រាំងនេះរហែក បណ្ដាលឲ្យខូចទំនប់នេះទេ ប្រជាពលរដ្ឋ សំណូមពរសូមឲ្យ អាជ្ញាធរឬមន្ត្រីពាក់ព័ន្ធជួយអើពើរ បង្ក្រាបអ្នកអូសយាំងកាវនេះផង
៕