ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងអគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា

កាលពីពេលកន្លងទៅថ្មីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ អានីល ចូហាន (Anil Chauhan) អគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច ផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍  អានីល ចូហាន អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទ និងបានរាយការណ៍អំពីលទ្ធផល និងទិសដៅកិច្ចសហប្រតិបត្តិការដែលកងទ័ពជើងគោក ទាំងពីរបានឯកភាពគ្នា ដោយរួមមានទាំងការយកចិត្តទុកដាក់ ជំរុញអនុវត្តឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ដែលទើបត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់កងទ័ពជើងគោកទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិ ការឱ្យមានលក្ខណៈផ្លូវការរឹងមាំលើមូលដ្ឋាននៃឯកសារ TOR និងបានបង្ហាញនូវការគាំទ្រលើទិសដៅសហប្រតិបត្តិការនានាដែលកងទ័ពជើងគោក ទាំងពីរបានឯកភាពគ្នាសម្រាប់ពេលបន្តខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង