អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា នឹងលើកទិសដៅការងារខែបន្ត

   

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក  ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តខែបន្ត ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាអភិបាល នៃគណៈអភិបាលស្រុក  ក្រុងទាំង៦ លោកមេបញ្ជាការ  មេបញ្ជាការរង នៃកម្លាំងទាំងបីប្រភេទក្នុងខេត្ត និង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តម អភិបាលខេត្ត បានលើកយករបៀបវរៈចំនួន០៤ ធ្វើការពិភក្សា និងដោះស្រាយរួមមានៈ ទី១. ពិនិត្យសេចក្តីព្រាងរបាយការណ៍, ទី២. ពិនិត្យលើការងារសន្តិសុខ និងសណ្តាប់ ធ្នាប់សង្គម, ទី៣. ពិនិត្យលើការងារបង្រ្កាបបទល្មើសព្រៃឈើ និងគ្រប់គ្រងធនធានធម្មជាតិ, ទី៤. ចុះផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ  ឱ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន និងសហគម។

ឯកឧត្តម វ៉ា  ថន គណៈអភិបាលខេត្ត មានប្រសាសន៏ផ្តោតលើមន្ទីរកសិកម្ម ដែលជាមន្ទីរត្រូវប្រឈម នឹងការការពារឱ្យបានហ្មត់ចត់បំផុត នូវធនធានធម្មជាតិ  ពិសេសការពារ និងអភិរក្ស ត្រីផ្សោតទឹកសាបនៅខេត្តក្រចេះយើងឱ្យបានគង់វង្ស  ព្រោះជាសត្វកម្រជិតផុតពូជ  និងស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពី “ ការការពារ និងអភិរក្សត្រីផ្សោតទឹកសាប នៅទន្លេមេគង្គយើងឱ្យគង់វង់ និងគ្មានការរំខានដល់ការរស់នៅរបស់វាឡើយ ”។

ឯកឧត្តមអភិបាលបន្តថាៈ នៅគ្រប់មន្ទីរស្ថាប័នទាំងអស់ក្នុងខេត្ត ត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អដើម្បីអនុវត្តនូវគោលនយោបាយណ៍ជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងរួមគ្នាការពារនិងថែរក្សា សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ លើសពីនេះឯកឧត្តម អភិបាល បានផ្តល់ អនុសាសន៍ដល់មន្ទីរជំនាញ ត្រូវបន្តតាមដាន អប់រំនៅតាមមូលដ្ឋាន និងសហគមន៍ ទៅទទួលចាក់វ៉ាក់សាំងបន្តឱ្យបានគ្រប់ដូស (ដោយឥតគិតថ្លៃ ) ដើម្បីការពារ និងទប់ស្កាត់នូវមេររោគរាតត្បាត កូវីដ-១៩ កុំវាត្រឡប់មកសាជាថ្មីក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាឲ្យអាជ្ញាមានសមត្ថកិច្ចត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការពារនៅគ្រប់គោលដៅ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ដែលនឹងខិតជិតមក ដល់ខាងមុខនេះ ឱ្យបានល្អបំផុត ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖  នៅគ្រប់ដែនសមត្ថិកច្ចទាំងអស់ក្នុងខេត្តក្រចេះ ត្រូវអនុវត្តនិងបង្ក្រាបជាប្រចាំ នូវបទល្មើសទាំងឡាយដូចជា ចោរលួច  ឆក់  ប្លន់ រំលោភសម្លាប់ និងការលួចការ ទន្រ្ទានព្រៃ និងដីរដ្ឋមកធ្វើកម្មសិទ្ធ និងការជួញដូរគ្រឿងញៀនជាដើម។ល។  ត្រូវបន្តអប់រំដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៏ជើងគោកឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារអាយុជីវិតខ្លួនយើងផង និងអាយុជីវិតអ្នកដទៃផង  ហើយបន្តចូលរួមនូវវេទិការសាធារណៈ របស់ក្រុមការងារ   រាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវគោលនយោបាយ ភូមិឃុំ/សង្កាត់ មានសុវត្ថិភាព  និងក្តាប់បានការគាំទ្រ កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំកាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

ចុងក្រោយ ឯកឧត្តម គណៈអភិបាលខេត្តបានជម្រុញឲ្យបន្តផ្សព្វផ្សាយលិខិត លេខ០០២ ផ.កចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការ សន្តិសុខ និងសណ្តាប់ធា្នប់ នៃគណៈកម្មាធិការជាតិ (CAMSOC ) ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួត កីឡាស៊ីហ្គែម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើទី១២ ឆ្នាំ២០២៣៕

ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង