ប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ) នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុក និងនាយករដ្ឋរដ្ឋបាលសាលាស្រុកត្បូងឃ្មុំនៅថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០២៣ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំបាន ជម្រុញ និងនែនាំដល់អាជ្ញាធរស្រុក និងឃុំសង្កាត់ទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោ បាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ឲ្យបានកាន់តែប្រសើឡើងថែមទៀត ព្រោះនេះជាការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយក្នុងនោះត្រូវថែរក្សាឲ្យបានដាច់ខាតនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសលើការងារផ្តល់ សេវាសាធារណៈឲ្យបានទាន់ពេលវេលា ។
លោក កេង ប៊ុនណា មានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពស្រុក ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់បង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសាធារណៈ ទប់ស្កាត់គ្រប់បទល្មើស ដូចជាប្លន់ប្រដាប់អាវុធ ជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ពិសេសត្រូវបន្តបំផុសជាប្រចាំនូវច្បាប់ ចរាចរណ៍ផ្លូវគោក ប្រយោជកាត់គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ជាមួយគ្នានោះលោក កេង ប៊ុនណា ក៏បានជម្រុញ ក៏ដូចជានែនាំដល់មន្រ្តីក្នុងស្រុកទាំងអស់ ត្រូវមានទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឳ្យបានល្អ នៅក្នុងជួរក្រុមប្រឹក្សា និងគណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសម្ថកិច្ច គ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលស្រុកត្រូវធ្វើជាស្នូលក្នុងការពង្រឹង របៀបរបបការងារផ្ទៃក្នុងរបស់ខ្លួន ។
អភិបាលរងស្រុកត្បូងឃ្មុំ ចំនួន ៣ រូប ដែលត្រូវបានប្រកាសចូលកាន់មុខដំណែង រួមមាន លោក យ៉ាំ សុភឿង លោកស្រី ប៉េង ស៊ីណាង និងលោកស្រី ទីន សាំរ៉ី ។ បន្ទាប់ពីប្រកាសចូលកាន់តំណែង អភិបាលរងទាំង៣រូប ក៏បានប្តេជ្ញាចិត្តថា នឹងអនុវត្តឳ្យបាននូវគោលនយោបាយ ច្បាប់ សារាចរនែនាំ លិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអនុសាសនែនាំរបស់ថ្នាក់ដឹកនាំ ។ ពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងក្នុងជួរគណៈអភិបាល និងមន្រ្តីរាជការក្រោមឳវាទឲ្យបានប្រសើរ ប្រឹងអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ស្មោះត្រង់បម្រើជាតិមាតុភូមិ ដោយឈរលើ មូលដ្ឋានផលប្រយោជន៍ជាតិជាធំ ៕ សុខ ផន