សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃស្រុក ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី មានប្រសាសន៍ចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ សម្ដេចក្រឡាហោម បន្ដថា ព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវិត្តិសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា និងក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជា ចូលជាសមាជិកសមាគម នៃបណ្ដាប្រទេសអាស៊ីប៉ែកអាគ្នេយ៍។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវ សន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតទាំងមូល ដូចជា៖ ការការពារប្រតិភូ កីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រកួតកីឡានេះ ទទួលបានជោគជ័យ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានធ្វើរបាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ថា ត្រូវធានាដាច់ខាតនូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៥,៧០០នាក់ ស្មើនឹង ១៥អង្គភាព ព្រមទាំងកងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផងដែរ។
ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានធ្វើរបាយការណ៍សង្ខេបស្តីអំពីចំណុចសំខាន់ៗ ទាក់ទងទៅនឹងការដឹកនាំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រារព្ធទៅដោយរលូន។
លើសពីនេះ សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ក៏បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោកឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចេញ-ចូល ច្រើន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បន្ថែមថា គោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត មកកាន់កម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៨៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕