ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាល ជាមួយយុវជនគណបក្ស ក្នុងរចនាសម្ព័ន្ធក្រុងសួង

(ត្បូងឃ្មុំ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមការងារយុវជនគណបក្ស ក្នុងរចនាសម្ព័ន្ធក្រុងសួង ។
ពិធីសំណេះសំណាលនេះធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង ២ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេស ពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជន នៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបណ្ឌិត បានបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្ររនូវ គោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នៅឆ្នាំ ២០២៣ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។
ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងក្រុងសួង ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្ស គឺរក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង