ក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A)បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ជាលើកទី២ ដោយឥតគិតថ្លៃក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
កំពង់ចាម ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលាបឋមសិក្សាអ្នកតាស្នឹង ស្ថិតនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃចំនួន ៦ភូមិ ក្នុងឃុំបឹងណាយ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ នឹងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ដោយមានការចួលរួមពីសំណាក់ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តរួមនិងថ្នាក់ដឹកនាំស្រុក អាជ្ញាធរភូមិ-ឃុំ បឹងណាយផងដែរ ។
ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន១៨ នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣៣២នាក់ ស្រី ២០២នាក់ ក្នុងនោះស្មើនឹង៣៣២ករណី។
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានមានប្រសាសន៍សំណេះសំណាល ដោយបានថ្លែងអំណរគុណចំពោះ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ហើយនេះជាលើកទី២ ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជននិងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បីការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។ពិសី