អ្នកការទូតកំពូលថ្មីរបស់ចិន នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ខណៈភាពតានតឹងជាមួយ អាមេរិក កើនឡើង….

 

លោក Wang Yi ដែលត្រូវបានតែងតាំងជាទីប្រឹក្សាគោលនយោបាយការបរទេសកំពូលរបស់មេដឹកនាំចិន Xi Jinping កាលពីខែមុន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ ក្នុងអំឡុងដំណើរទស្សនកិច្ចអន្តរជាតិរយៈពេលប្រាំបីថ្ងៃ មន្ត្រីការទូតកំពូលរបស់ចិនរូបនេះ ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងការចូលរួមនិយាយនៅក្នុង សន្និសីទ សន្តិសុខ ទីក្រុង Munich ចុងសប្តាហ៍ខាងមុខ ដែលរដ្ឋ      មន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏អាចចូលរួមផងដែរ នេះបើយោងតាមការចេញផ្សាយ របស់  CNN ។

ការចូលរួមរបស់លោក Wang នៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich ដែល Blinken ត្រូវបានគេរំពឹងថា នឹងចូលរួមនោះ អាចផ្តល់ឱកាសឱ្យអ្នកទាំងពីរជួបគ្នាជាលើកដំបូង ចាប់តាំងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានផ្ទុះឡើងម្តងទៀត បន្ទាប់ពីបាឡុងឃ្លាំមើលរបស់ចិន បានចូលទៅក្នុងដែនអាកាសអាមេរិកកាលពីចុងខែមុន។

ឧបទ្ទវហេតុនេះក៏បានជះឥទ្ធិពលភ្លាមៗ ទៅលើអ្វីដែលត្រូវបានគេមើលឃើញថា ជាឱកាសមួយសម្រាប់សហរដ្ឋអាមេរិក និងចិន ក្នុងការរក្សាស្ថិរភាពទំនាក់ទំនង ខណៈដែល Blinken បានពន្យារពេលដំណើរទស្សនកិច្ចដែលរំពឹងទុក នៅដើមខែកុម្ភៈ ទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីមន្ត្រីអាមេរិកបានប្រកាសថាពួកគេកំពុងតាមដានឧបករណ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price កាលពីថ្ងៃចន្ទបានបដិសេធមិនបញ្ជាក់ថា Blinken នឹងចូលរួមសន្និសីទទីក្រុង Munich ហើយបាននិយាយថាមិនមានកិច្ចប្រជុំជាមួយមន្ត្រីចិនដែលបានគ្រោងទុក នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុង “តែងតែវាយតម្លៃជម្រើសសម្រាប់ការទូត” រួមទាំងកិច្ចប្រជុំនៅប្រទេសទីបី។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin មិនបាននិយាយអំពីកិច្ចប្រជុំដែលមាន សក្តានុពលណាមួយជាមួយ Blinken នៅពេលប្រកាសអំពីផែនការធ្វើដំណើររបស់លោក Wang Yi ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ដំណើរផ្លូវរដ្ឋរបស់លោក Wang នឹងនាំមកនូវឱកាសមួយសម្រាប់ប្រទេសចិន ដើម្បីធ្វើការសម្រាប់ “វឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងទ្វេភាគី” ជាមួយបារាំង អ៊ីតាលី និងហុងគ្រី ក៏ដូចជា “លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងសហភាពអឺរ៉ុប” ។

អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបញ្ជាក់ថាៈ ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ទីក្រុងមូស្គូនឹងផ្តល់ឱកាសមួយសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ និង “ផ្លាស់ប្តូរទស្សនៈ” ស្តីពី “បញ្ហាចំណុចក្តៅអន្តរជាតិ និងតំបន់ដែលមានចំណាប់អារម្មណ៍រួមគ្នា”៕

អត្ថបទដែលជាប់ទាក់ទង