លោកជំទាវ ពេជ ចន្ទមុនី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យ នៃក្តីសង្ឃឹម ស្ថិតនៅអនុវិទ្យាល័យ ហ៊ុន សែន ស្រុកខ្សាច់កណ្តាល

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ នៃក្តីសង្ឃឹម នៅក្នុងអនុវិទ្យាល័យហ៊ុន សែន ស្ថិតនៅឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សហគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានអបអរសាទរចំពោះសមិទ្ធផលថ្មីសម្រាប់ ស្រុកខ្សាច់កណ្ដាល និងបានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានលះ បង់ថវិកាផ្ទាល់ខ្លួន រួមគ្នាកសាងបណ្ណាល័យថ្មី១ខ្នងនេះឡើង សម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រ និងស្រាវជ្រាវបង្កើនចំណេះដឹង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកជំទាវបានបន្តថា បណ្ណាល័យនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំនៅក្នុងស្រុកខ្សាច់កណ្ដាល ។ លោកជំទាវបានលើកទឹកចិត្តដល់សិស្សានុសិស្ស សូមខិតខំរៀនសូត្រ កុំបោះបង់ការសិក្សា ត្រូវបន្តរៀនឱ្យបានខ្ពង់ខ្ពស់ ត្រូវមានសីលធម៌ និងគុណធម៌ ហើយសិស្សានុសិស្សបើចង់ឱ្យរៀនពូកែ ត្រូវអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមឱ្យបានច្រើន ពីព្រោះវាជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា បណ្ណាល័យនៃក្តីស្រឡាញ់ គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនសិស្សានុសិស្សក្នុងស្រុក ខ្សាច់កណ្តាល នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ បណ្ណាល័យនេះនឹងក្លាយជាឃ្លាំងនៃចំណេះវិជ្ជា សម្រាប់ការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ ចំណេះដឹង បណ្ណាល័យនេះ ប្រៀបបាននឹងការផ្ដល់នូវក្តីសង្ឃឹម នូវការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានមានឱកាសជួបជុំគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៃក្តីសង្ឃឹមនេះ បានដោយសារម្លប់ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមនការអភិវឌ្ឍឥតឈប់ឈរ មានស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុង រយៈពេល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណ សន្តិភាព និងរួមគ្នាការពារសន្តិភាពមួយនេះឱ្យបានជាមួយរាជរដ្ឋាភិបាលជានិរន្តរតទៅ។

សូមជម្រាបថា បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមកសាងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និង បញ្ចប់ការសាងសង់ក្នុងខែមករា ឆ្នាំ២០២១ ដោយបានបំពាក់គ្រឿងសង្ហារិម សម្ភារ និងសៀវភៅជាច្រើនមុខ បម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស ដោយចំណាយអស់ទឹកប្រាក់សរុប ៩៨ ៩៧៥ ដុល្លារអាម៉េរិក ៕

 

ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង