ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
“បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយ ប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស” ជាទិសស្លោក សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អង្គសន្និបាទនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
បើតាមផេកផ្លូវការរបស់ក្រសួងសាម៉ីបានឲ្យដឹងថាៈ អង្គសន្និបាតត្រូវបានប្រាព្ធឡើងក្នុងគោលបំណងចម្បងដើម្បី ត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង បានអនុវត្តរយៈពេលមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹងទិសស្លោក “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”។
ថ្លែងក្នុងពិធីបើកសន្និបាតនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងសម្រេច បានក្នុងឆ្នាំ២០២២ ក៏ដូចជាគម្រោងការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគ្រោងអនុវត្តក្នុងពេលខាងមុខ ដែលរួមមាន៖ (១) ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស (២)ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ (៣)ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ (៤) ការងារផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ (៥)ការងារភ័ស្តុភារកម្ម (៦)ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ (៧)ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល និង (៨)ការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ក្នុងការពិនិត្យពិភាក្សាលើ បញ្ហានានា ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ ស្របទៅតាមទិសស្លោកដែលបានដាក់ចេញ ដើម្បីធានាបាននូវផែនការដែលមាន ភាពប្រាកដប្រជា ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យផ្លែផ្កាក្នុងឆ្នាំ២០២៣ និងទៅអនាគតបន្តទៀត៕