សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ពិសេសការវិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបូន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍រាល់វិនិយោគ ទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ជាពិសេសការវិនិយោគដែលមានលក្ខណៈ បរិស្ថានល្អ និងអព្យាក្រឹត្យកាបូន។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនូវចំណាប់អារម្មណ៍លើការវិនិយោគ លើវិស័យ រោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែង នូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានជម្រាបជូនប្រតិភូធុរកិច្ចថា កម្ពុជាអនុញ្ញាតឱ្យបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០ភាគរយដោយមិនចាំបាច់មានអ្នកមានសញ្ជាតិខ្មែរ ជាម្ចាស់ភាគហ៊ុនឡើយ។ ទន្ទឹមនេះ កម្ពុជាក៏អនុញ្ញាតឱ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់ការបើកប្រាក់ខែ សម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឱ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍ តាមរយៈការប្ដូរប្រាក់នោះទេ។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំងលើវិស័យសំណង់ ហើយឆ្លៀតពេលនេះដែរ សម្ដេចបានស្នើសុំឱ្យអ្នកវិនិយោគអាល្លឺម៉ង់ពិចារណា លើរូបមន្តបូក១ នោះមានន័យថា ក្នុងករណីដែលវិនិយោគអាល្លឺម៉ង់ដាក់ទុននៅប្រទេសណាមួយហើយ គួរពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយសម្ដេចតេជោបានជម្រាបជូនប្រតិភូធុរកិច្ច អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយនៅប្រទេសថៃ បានដាក់ទុននៅប្រទេសថៃផង ដាក់ទុនវិនិយោគនៅកម្ពុជាផង។ នៅពេលដែលប្រទេសថៃជួបនឹងវិបត្តិកូវីដ១៩ និងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឱ្យទាន់ការបញ្ជាទិញ។
សម្ដេចតេជោក៏បានស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ជាពិសេសការវិនិយោគដែលមាន លក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបូន៕
ប្រភពៈ ក្រសួងព័ត៌មាន