អាជ្ញាធរមីន ប្រកាស ខេត្តកំពង់ចាម ជាខេត្តអស់មីន ក្រោមគម្រោងផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម
កំពង់ចាមៈ អាជ្ញាធរមីន សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាស ខេត្តកំពង់ចាម ជាខេត្តអស់មីន នៅសាលសន្និសីទសាលាខេត្ត នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសក កម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក អភិបាលរងក្រុង ស្រុក និងលោក លោកស្រី ជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាច្រើននាក់ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ឆ្លងកាត់សម័យសង្គ្រាមបានបញ្ចប់ទាំងស្រុង ក្រោមនយោបាយឈ្នះៗ របស់មគ្គុទេស៍ឯក សន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ខេត្តកំពង់ចាម ក៏ដូចជាបណ្តា រាជធានីខេត្ត ដទៃទៀតដែរ គឺការបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង គ្រប់ភូមិ ក្នុងខេត្ត។ យ៉ាងណាមិញក្នុងកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ ដើម្បី ឱ្យរួច ចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការសង្គ្រោះជីវិត ការកាត់បន្ថយភាព ក្រីក្រ ការស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ចាប់ពីខែសីហា ឆ្នាំ២០២២ មក បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន១១ចម្ការ ស្ថិតនៅក្នុងស្រុក ចំនួន ៤ រួមមាន៖ ស្រុកបាធាយ ២ចម្ការ ស្រុកចំការលើ ២ចម្ការ ស្រុកស្ទឹងត្រង់ ២ចម្ការ និងស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបចំនួន ១.០០៣.១៣៦ ម៉ែត្រក្រឡា និងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះចំនួន ២៣គ្រាប់ ។
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់ បានពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតជាខេត្ត គ្មានគ្រាប់មីនប្រឆាំងមនុស្ស សម្រាប់ខេត្តកំពង់ចាម ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។ ជាលទ្ធផលអង្គភាព បានបោសសម្អាតគ្រាប់មីន ទាំងនៅក្នុងតំបន់រងផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រា នៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា ។ ជាក់ស្ដែង គ្រាប់រកឃើញ និងកម្ទេចចោល ជាអាទិមាន ៖ គ្រាប់មីនប្រឆាំង មនុស្ស ៣៩គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣២គ្រាប់។ លទ្ធផលនៃប្រតិបត្តិការនេះ គឺជា សមិទ្ធផលចុងក្រោយ នៅក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស នៅក្នុងខេត្តកំពង់ចាម ទាំងស្រុង ដែលយើងត្រូវប្រកាស នាថ្ងៃនេះ ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារ ប្រតិបត្តិករ CMAC រួមជាមួយអ្នកពាក់ព័ន្អ និងថ្លែងអំណរគុណ ចំពោះ ប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងវិស័យដោះមីននេះ នារយៈពេល កន្លងមក។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ប្រសិនបើគ្មានការចូលរួមពីបណ្តាប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនទាំងអស់ទេ នោះល្បឿន នៃការដោះមីនរបស់យើង ក៏មិនអាចដំណើរ ការទៅបាន រហូតសម្រេចបានលទ្ធផល ដូចពេលនេះដែរ ពីព្រោះថា យើងត្រូវការកម្លាំងផង និងត្រូវការថវិកាផង ដើម្បី ធ្វើកិច្ចការនេះ ។ ឯកឧត្ដមបន្តថា បានចាត់ទុកថា ការដោះមីននេះ មិនត្រឹមតែការពារអាយុជីវិត របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ វាបានជំរុញឲ្យមានការអភិវឌ្ឍ នៅក្នុងតំបន់នីមួយៗផងដែរ ពោលគឺពេលដែលដោះមីនអស់ហើយ យើងនឹងជម្រុញទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ បានយកផ្ទៃដីបានដោះ មីនហើយទៅធ្វើការអភិវឌ្ឍ ក៏ដូចជាធ្វើការបង្កបង្កើនផលក្នុងគោលបំណងបង្កើនជីវភាព រស់នៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
យកឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានិត ក៏បានក្រើនរំលឹកផងដែរថា បើទោះបីពេលនេះ ខេត្តកំពង់ចាម បានប្រកាសជាខេត្តអស់មីន តែមិនមែនមានន័យថា ជាខេត្តអស់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទេ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងតំបន់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើជួបប្រទះក៏ដូចជាមានលាក់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងណាក្ដី ក៏សូមរាយការណ៍ ដល់អាជ្ញាធរជាបន្ទាន់។ ក្រៅពីនោះក៏ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន សូមផ្ដល់ កិច្ចសហការល្អជាមួយអង្គភាព ក៏ដូចជាក្រុមប្រតិបត្តិករ CMAC ដើម្បីសម្របសម្រួល និងជម្រុញឲ្យកិច្ចការបេសកកម្មជា ប្រវត្តិសាស្ត្រនេះសម្រេចលទ្ធផលជោគជ័យ តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥ កម្ពុជាអស់មីន ៕