ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ចំណាយថវិកាសាងសង់ ១៥,០០០ដុល្លា
(ស្វាយរៀង): នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង រួមជាមួយលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានអញ្ជើញជាគណអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលស្រុក លោកមេឃុំសំឡី និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១១ប៉ុស្តិ៍ ក្នុងស្រុកកំពង់រោទិ៍ ។
លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ បានផ្ដបានផ្ដាំផ្ញើរដល់កងកម្លាំងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡីថា: យើងមានកន្លែងធ្វើការងារថ្មី និងស្នាក់នៅប្រចាំការសមរម្យហើយ ត្រូវដើម្បីពង្រឹងសមត្ថភាពក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋអោយបានម៉ឺងម៉ាត់។
សូមបញ្ជាក់ផងដែរថា: អគារថ្មីប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ដែលត្រូវសាងសង់មានទំហំ ៥,២x១៣,៥០ ម៉ែត្រ នឹងត្រូវចំណាយថវិកា ១៥,០០០ដុល្លា ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ៕ ដោយ:33